កាលពីថ្ងៃពុធ ទី ៤ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋាភិបាលថៃបានចេញសេចក្ដីថ្លែងការណ៍អំពីស្ថានការណ៍ព្រំដែនរវាងប្រទេសថៃ និងកម្ពុជា បន្ទាប់ពីមានហេតុការណ៍កងទ័ពថៃ និងកងទ័ពកម្ពុជា ប្រឈមមុខដាក់គ្នា នៅតំបន់ព្រំដែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ២៨ ខែឧសភា ២០២៥។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា រដ្ឋាភិបាលថៃយល់ឃើញថា ក្នុងស្ថានភាពនេះត្រូវដោះស្រាយដោយការសន្ទនានិងកិច្ចព្រមព្រៀងអន្តរជាតិ ដោយផ្អែកលើ MOU ឆ្នាំ ២០០០ និងឯកសារសំខាន់ៗផ្សេងទៀត។ រដ្ឋាភិបាលថៃបានបញ្ជាក់បន្ថែមថា កងទ័ពថៃបានអនុវត្តតាមបទបញ្ជារការពារដែនដីរបស់ខ្លួន និងគោរពតាមច្បាប់អន្តរជាតិ។
កិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរដែលប្រទេសថៃរំពឹងនឹងមានការសន្ទនាជាមួយប្រទេសកម្ពុជានោះគឺ៖
• JBC (Joint Boundary Commission): គឺជាគណៈកម្មាធិការសហការព្រំដែនរវាងប្រទេសថៃនិងកម្ពុជា ដើម្បីពិភាក្សាអំពីចំណុចព្រំដែន។
• GBC និង RBC: គឺជាគណៈកម្មាធិការសន្តិសុខសម្រាប់ដោះស្រាយបញ្ហាផ្នែកយោធា និងពង្រឹងសន្តិសុខតាមព្រំដែន។
រដ្ឋាភិបាលថៃសង្ឃឹមថា ការសហការនានានេះនឹងជួយបង្កើនការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ និងធានាសន្តិភាពយូរអង្វែង។ រដ្ឋាភិបាលបានផ្តល់អាទិភាពដល់ការពិភាក្សានិងសន្តិភាពជាទីបំផុត។
ចំណែកភាគីកម្ពុជាឯណេះវិញ ប្រទេសកម្ពុជាបានសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា ICJ រួចរាល់ហើយដែរ។ សម្ដេចអគ្គមហាបតីតេជោ ហ៊ុន សែន ប្រធានព្រឺទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការចរចារទ្វេភាគីនៃប្រទេសទាំងពីរបានចុះ MOU ឆ្នាំ 2000 ដើម្បីធ្វើការកំណត់ព្រំដែនរួមគ្នាហើយ គិតមកទល់ពេលនេះមានរយៈពេល25ឆ្នាំហើយ នៅតែមិនទាន់បានលទ្ធផលអ្វីសោះឡើយ។ ម្ល៉ោះហើយប្រទេសកម្ពុជាត្រូវការពឹងអ្នកទីបីដើម្បីចូលរួមជួយដោះស្រាយបញ្ហាព្រំដែន។
អត្ថបទ៖ ហូរ មុនីវ័ន្ត