ប្រទេសវៀតណាមណែនាំភាសាឡាវនៅវិទ្យាល័យ

ក្រសួងអប់រំវៀតណាមកំពុងរៀបចំដាក់បញ្ចូលភាសាឡាវជាភាសាបរទេសមួយក្នុងចំណោមភាសាបរទេសទាំង ៨ ដែលបង្រៀនដល់សិស្សវិទ្យាល័យ ដោយចាប់ផ្តើមពីសាលារៀននៅតាមព្រំដែនឡាវ។ បន្ទាប់មកនៅពេលដែលមានគ្រូគ្រប់គ្រាន់ វានឹងពង្រីកទៅសាលានៅតំបន់ផ្សេងទៀត។ កាលពីម្សិលមិញ (ថ្ងៃទី 3 ខែមិថុនា) ទីភ្នាក់ងារសារព័ត៌មានឡាវជាច្រើនបានរាយការណ៍ដោយដកស្រង់ព័ត៌មានពី VnExpress ថា ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមគ្រោងនឹងបញ្ចូលភាសាឡាវជាភាសាបរទេសមួយក្នុងចំណោមភាសាបរទេសទាំង 8 ដែលបង្រៀននៅវិទ្យាល័យនៅប្រទេសវៀតណាម រួមជាមួយនឹងភាសាអង់គ្លេស រុស្ស៊ី បារាំង ចិន អាឡឺម៉ង់ ជប៉ុន និងកូរ៉េ។ គេហទំព័រព័ត៌មាន Vietnam.vn បានផ្តល់ព័ត៌មានលម្អិតបន្ថែមថា ដំណឹងនេះគឺជាផ្នែកនៃខ្លឹមសារដែលលោក Nguyen Kim Son រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលបានថ្លែងស្វាគមន៍លោកស្រី Khamphao Enthavan ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមក្នុងឱកាសដែលលោកស្រីមកបំពេញទស្សនកិច្ចផ្លូវការ។ លោក Nguyen Kim Son បានប្រាប់ឯកអគ្គរដ្ឋទូតឡាវថា ដំបូងឡើយ នឹងមានគម្រោងសាកល្បងបង្រៀនភាសាឡាវជាមុខវិជ្ជាជ្រើសរើសសម្រាប់សិស្សានុសិស្សនៅតាមសាលារៀននៅតាមព្រំដែនវៀតណាម-ឡាវ។ បន្ទាប់មក នៅពេលដែលមានគ្រូបង្រៀនគ្រប់គ្រាន់ ការបង្រៀននេះនឹងត្រូវពង្រីកទៅសាលាផ្សេងទៀតនៅក្នុងតំបន់ផ្សេងទៀត។ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាមបានមានប្រសាសន៍ថា លោកសង្ឃឹមថាប្រទេសឡាវនឹងគាំទ្រសៀវភៅសិក្សា និងការបណ្តុះបណ្តាលគ្រូភាសាឡាវ រួមទាំងខ្លឹមសារនៃប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ លោកក៏បានស្នើដល់ក្រសួងអប់រំ និងកីឡាឡាវ ផ្តល់ភាសាវៀតណាមជាមុខវិជ្ជាជ្រើសរើសសម្រាប់សិស្សវិទ្យាល័យនៅប្រទេសឡាវ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រសៀវភៅសិក្សាភាសាវៀតណាមដែលផលិតដោយទីភ្នាក់ងាររដ្ឋវៀតណាម ដើម្បីប្រើប្រាស់ក្នុងការបង្រៀននៅក្នុងសាលាទាំងនេះ។

ប្រែសម្រួលៈ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *