អ៊ីស្រាអែលបន្តវាយប្រហារតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះជាច្រើននៅហ្គាហ្សា ដោយបានសម្លាប់មនុស្ស 30 នាក់បន្ថែមទៀតក្នុងមួយថ្ងៃ រួមទាំងអ្នកជួយសង្គ្រោះជាន់ខ្ពស់ និងអ្នកកាសែត ខណៈដែល ICRC អំពាវនាវឱ្យមានបទឈប់បាញ់។
គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា បន្ទាប់ពីបុគ្គលិករបស់ខ្លួនពីរនាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើផ្ទះមួយនៅ Khan Younis កាលពីថ្ងៃសៅរ៍ (24 ឧសភា 2015) ដោយនិយាយថា ការសម្លាប់នេះបានគូសបញ្ជាក់ពីចំនួនជនស៊ីវិលដែលបានបាត់បង់ជីវិតយ៉ាងច្រើននៅក្នុងហ្គាហ្សា។
ICRC បានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ ហើយបានអំពាវនាវឱ្យមានការគោរព និងការការពារជនស៊ីវិល រួមទាំងបុគ្គលិកពេទ្យ ក៏ដូចជាជំនួយមនុស្សធម៌ និងការការពារជនស៊ីវិលផងដែរ។
ទន្ទឹមនឹងនេះ នាយកដ្ឋានសុខាភិបាលតំបន់ហ្គាហ្សាបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ 30 នាក់នៅទូទាំងតំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យ (25 ឧសភា) រួមទាំងអ្នកសារព័ត៌មាន និងបុគ្គលិកសង្គ្រោះជាន់ខ្ពស់ផងដែរ។
ទីភ្នាក់ងារសារព័ត៌មាន Gaza បាននិយាយថា ការស្លាប់ចុងក្រោយរបស់អ្នកកាសែតម្នាក់ ចំនួនអ្នកកាសែតប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ 2013 បានកើនឡើងដល់ 220 នាក់ ជាមួយនឹងចំនួនអ្នកស្លាប់សរុបពីសង្រ្គាមនៅពេលនេះមានចំនួន 53,900 នាក់ និងជាង 120,000 នាក់ទៀតរងរបួស។
កាលពីចុងសប្តាហ៍កន្លងទៅនេះ យោធាអ៊ីស្រាអែលក៏បានវាយប្រហារតំបន់មួយនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូងនៃតំបន់ Gaza ដោយបានកំណត់គោលដៅផ្ទះមួយដែលទីភ្នាក់ងារការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយថាជាកម្មសិទ្ធិរបស់គ្រូពេទ្យកុមារនៅហ្គាហ្សា។ អំពើហឹង្សានេះបានសម្លាប់កូន៩នាក់ក្នុងចំណោម១០នាក់របស់នាង ចំណែកកូនម្នាក់ទៀត និងប្តីបានរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
អាជ្ញាធរសុខាភិបាល Gaza បាននិយាយថា កុមារដែលបានស្លាប់មានចាប់ពីអាយុពី1 – 12 ឆ្នាំ ខណៈដែលគ្រូពេទ្យកុមារមិនមានរបួសអ្វីទេ ដោយសារតែនាងកំពុងធ្វើការនៅមន្ទីរពេទ្យក្នុងតំបន់នៅពេលមានការវាយប្រហារ។
យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះរបស់ខ្លួនបានវាយប្រហារជនសង្ស័យជាច្រើននាក់នៅ Khan Younis ហើយបានបញ្ជាក់ថា យោធាបានជម្លៀសចេញពីតំបន់នេះ មុនពេលចាប់ផ្តើមការវាយប្រហារ។ យោធាកំពុងស៊ើបអង្កេតលើការចោទប្រកាន់មិនពាក់ព័ន្ធនឹងការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។



ប្រែសម្រួលៈ ហូរ មុនីវ័ន្ត