កិច្ចប្រជុំក្រុមការងារបច្ចេកទេសបរិស្ថាន និងសុខភាព ស្ដីពីការពង្រឹងការសម្របសម្រួលលើសុខភាពកុមារ និងបរិស្ថាន

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសបរិស្ថាន និងសុខភាព បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសបរិស្ថាន និងសុខភាព ស្ដីពីការពង្រឹងការសម្របសម្រួលលើសុខភាពកុមារ និងបរិស្ថាន។
កិច្ចប្រជុំនេះមានគោលបំណង ប្រកាសសមាសភាពនៃក្រុមការងារបច្ចេកទេសបរិស្ថាន និងសុខភាព និង ពិនិត្យមើលរបាយការណ៍វាយតម្លៃ ស្ដីពីសុខភាពកុមារ និងបរិស្ថាននៅកម្ពុជា ដើម្បីពិភាក្សារួមលើបញ្ហា និងដោះស្រាយហានិភ័យសុខភាពកុមារ និងបរិស្ថាន។
នៅក្នុងពិធីបើកកិច្ចប្រជុំឯកឧត្តមវេជ្ជបណ្ឌិត ប្រធានក្រុមការងារបានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកនៃក្រុមការងារបច្ចេកទេសបរិស្ថាន និងសុខភាព ដែលបានចំណាយពេលវេលាមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ។ បន្ទាប់មកឯកឧត្តមប្រធានអង្គប្រជុំបានណែនាំដល់សមាជិកក្រុមការងារស្នើសុំមតិយោបល់ពីតំណាងស្ថាបនពាក់ព័ន្ធ ដែលជាធាតុចូលដ៏មានសារៈសំខាន់ ដើម្បីពិភាក្សារកដំណោះស្រាយហានិភ័យសុខភាពកុមារ និងបរិស្ថាន នៅប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ បានរៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល សហការជាមួយអង្គការយូនីសេហ្វ (UNICEF) ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា នៃក្រុមការងារបច្ចេកទេសអន្តក្រសួង ដែលបានចូលរួមសរុបមានចំនួន៣២រូប។
   
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *