ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ(Santo Darmosumarto) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំកម្ពុជាបានថ្លែងថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យពាណិជ្ជកម្មកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀតនោះប្រទេសឥណ្ឌូណេស៊ី នឹងធ្វើយ៉ាងណាឱ្យមានការនាំចេញផលិតផលរបស់កម្ពុជាកាន់តែច្រើនទៅកាន់ប្រទេសឥណ្ឌូណេស៊ី ព្រមជាមួយគ្នា នឹងធ្វើយ៉ាងណាណែនាំឱ្យពលរដ្ឋឥណ្ឌូណេស៊ីបានស្គាល់នូវផលិតផល របស់កម្ពុជា ដែលជាមធ្យោបាយមួយអាចនាំផលិតផលកម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ីបន្ថែមទៀត។ ការថ្លែងបញ្ជាក់របស់ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ីបែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន និង ការធ្វើបទបង្ហាញស្តីពីគោលនយោបាយនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី០៤ ខែ មិថុនា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ បានលើកឡើងថា ក្នុងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូណេស៊ីជាមួយកម្ពុជាបាន កើនលើស ១ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ហើយឯកឧត្តមក៏សង្ឃឺមជឿជាក់ថាស្ថិតិនេះនឹងកើតឡើងម្តងទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានថ្លែងដោយបញ្ជាក់ថា៖ «យើងមានបំណងបង្កើនវត្តមានផលិតផលឥណ្ឌូណេស៊ីបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា បង្កើនការយល់ដឹងក្នុងចំណោមអ្នក ប្រើប្រាស់នៅកម្ពុជាអំពីម៉ាកយីហោ និងគុណភាពរបស់ឥណ្ឌូណេស៊ី និងលើកទឹកចិត្តឱ្យក្រុមហ៊ុនឥណ្ឌូណេស៊ីកាន់តែច្រើនធ្វើអាជីវកម្មនៅទីនេះ»។
ឯកឧត្តម បណ្ឌិត សាន់តូ ដារម៉ូស៊ូម៉ារតូ បានបញ្ជាក់ទៀតផងដែរថា ក្នុងទំនាក់ទំនងលើវិស័យពាណិជ្ជកម្មគឺអ្វីដែលសំខាន់បំផុតនោះគឺការណែនាំផលិតផលប្រទេសឥណ្ឌូណេស៊ីឱ្យប្រជាជនកម្ពុជាបានស្គាល់ ក្នុងនោះយើងក៏បានធ្វើនូវសកម្មភាពការតាំងពិព័រណ៍ពាណិជ្ជកម្មជាដើម។ ឯកឧត្តឯកអគ្គរដ្ឋទូតបន្តទៀតថា នាពេលនោះដែរយើងនឹងណែនាំនូវផលិតផលដែលមាននៅក្នុងប្រទេសកម្ពុជាស្រាប់ដើម្បីឱ្យប្រជាជនកម្ពុជាបានស្គាល់បន្ថែម និងក៏ដូចជាការណែនាំនូវផលិតថ្មីរបស់ប្រទេសឥណ្ឌូណេស៊ីដើម្បីឱ្យពលរដ្ឋកម្ពុជាបានស្គាល់ និង គាំទ្រដូចគ្នាផងដែរ។ ក្រៅពីនេះក៏មានទស្សនកិច្ចការងារ និងក៏ដូចជាការបង្កើនការងារទស្សនកិច្ចអំពីក្រុមអ្នកវិនិយោគក៏ដូចជាក្រុមអ្នកពាណិជ្ជកររបស់កម្ពុជាចូលរួមក្នុងពិធីតាំងពីព័រណ៍ពាណិជកម្ម របស់ប្រទេស ឥណ្ឌូណេស៊ី ដែលតែងរៀបចំរៀងរាល់ឆ្នាំ ដើម្បីធ្វើការបង្ហាញផលិតកម្ពុជាទៅដល់បងប្អូនឥណ្ឌូណេស៊ី ក៏ដូចជាបង្ហាញផលិតផលឥណ្ឌូណេស៊ី ឱ្យដល់បងប្អូនពលរដ្ឋកម្ពុជាបានស្គាល់ និងចូលរួមគាំទ្រ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើង ពីវេទិកា “Sousdey Indonesia” ដែលជាការតាំងពិពណ៌របស់ឥណ្ឌូណេស៊ីដ៏ធំបំផុតនៅកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះនឹងបង្ហាញផលិតផល សេវាកម្ម ម្ហូបអាហារ វប្បធម៌ និងទេសចរណ៍របស់ប្រទេសឥណ្ឌូណេស៊ី ហើយវាក៏នឹងផ្តល់ព័ត៌មានអំពីឱកាសសិក្សាសម្រាប់និស្សិតកម្ពុជានៅប្រទេសឥណ្ឌូណេស៊ីផងដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានពន្យល់បន្ថែមថា៖ «វានឹងក្លាយជាព្រឹត្តិការណ៍ដ៏រីករាយ និងប្រកបដោយផលិតភាពសម្រាប់សាធារណជន នាំក្រុមគ្រួសាររបស់អ្នកមកទស្សនា និងទិញទំនិញ»។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាបញ្ជាក់ផងដែរថា៖ «យើងកំពុងធ្វើការណែនាំនូវផលិតផលជាច្រើនរបស់ឥណ្ឌូនេស៊ីនៅប្រទេសកម្ពុជា។យើងនឹងធ្វើសកម្មភាពការតាំងពិព័រណ៍ ដើម្បីបង្ហាញផលិតផលចាស់ និងផលិតផលថ្មី ឱ្យបងប្អូនកម្ពុជាបានស្កាល់។ ក្រៅពីនេះយើងនឹងធ្វើទស្សនៈកិច្ចការងារ អំពីក្រុមអ្នកវិនិយោគ អ្នកពាណិជ្ជកររបស់កម្ពុជាចូលរួម ក្នុងការតាំងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូណេស៊ី ដែលតែងតែធ្វើរៀងរាល់ឆ្នាំ ។ ក្រៅពីនេះយើង នឹងធ្វើការបង្ហាញផលិតផលកម្ពុជាទៅកាន់ឥណ្ឌូណេស៊ី និងក៏ដូចជាបង្ហាញផលិតផលឥណ្ឌូណេស៊ីឱ្យបងប្អូនកម្ពុជាបានឃើញដូចគ្នា»៕
ប្រភព៖ ក្រសួងព័ត៌មាន