(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការដៃគូ អង្គការវិជ្ជាជីវៈ វិស័យឯកជន អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០នាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរពិធីសំខាន់ៗចំនួន ៣ព្រមគ្នា ដែលទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» ទី២ ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់» និងទី៣ ទិវាកុមារកម្ពុជាឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
កម្មវិធីដ៏អធិកអធមនេះ មានការអញ្ជើញចូលរួមជាអធិបតីពីលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ, អង្គការអន្តរជាតិខាងការងារ (ILO), អង្គការទស្សនៈពិភពលោក (World Vision), តំណាងអន្តរក្រសួងស្ថាប័ននៃគណៈកម្មការប្រឆាំងពលកម្មកុមារ, អង្គការវិជ្ជាជីវៈ, វិស័យឯកជន, លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០រូប។
ថ្លែងនៅក្នុងអង្គពិធី លោកជំទាវប្រចាំការ បានគូសបញ្ជាក់ថា ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ គឺជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់នៅក្នុងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារ និងអនុសញ្ញាស្នូលទាំងប្រាំបីរបស់អង្គការអន្តរជាតិខាងការងារ (ILO) សំដៅការពារសិទ្ធិ និងឧត្តមប្រយោជន៍សម្រាប់កុមារ លើកកម្ពស់សិទ្ធិការងាររបស់កម្មករនិយោជិតវ័យក្មេង និងការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម។
បន្ថែមពីនេះ លោកជំទាវប្រចាំការ បានបញ្ជាក់ថា ការរៀបចំទិវាពិភពលោកប្រឆាំងពលកម្មកុមារ ធ្វើឡើងនៅក្នុងគោលបំណងសំខាន់ៗចំនួនបីរួមមាន (១) ជំរុញចលនាសង្គមប្រឆាំងនឹងពលកម្មកុមារ ដើម្បីបំផុសការចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមរយៈការលើកកម្ពស់ការយល់ដឹងដល់សាធារណជនឱ្យកាន់តែយល់ច្បាស់ពីបញ្ហាពលកម្មកុមារ (២) ជំរុញកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និង(៣) បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។
ជាមួយគ្នានេះ លោកជំទាវប្រចាំការ ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធដែលចូលរួមអនុវត្តផែនការសកម្មភាពជាតិស្ដីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ ២០១៦-២០២៥ ជាមួយនឹងលទ្ធផលគួរជាទីមោទនៈ។ សម្រាប់លោកជំទាវ សមិទ្ធផលទាំងនេះ គឺជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយទំនួលខុសត្រូវខ្ពស់របស់គ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលមានមនសិការមុតមាំក្នុងការចូលរួមជាធ្លុងមួយ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ជាពិសេស ការបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងបន្តសកម្មភាពនានាដែលគាំទ្រដល់ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឆ្ពោះទៅការបញ្ចប់ពលកម្មកុមារនៅកម្ពុជា ដូចមានចែងនៅក្នុងគោលដៅអភិវឌ្ឍន៍សកលប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ក្រៅពីការឡើងថ្លែងសុន្ទរកថាពីគណៈអធិបតី ក៏មានការប្រគល់បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណនូវចលនាប្រឡងប្រណាំង «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ទៅដល់វិស័យឯកជនដែលបានចូលរួមជាចលនាជាតិជាមួយរដ្ឋាភិបាលក្នុងការមិនប្រើប្រាស់ពលកម្មកុមារផងដែរ៕