មន្ត្រីជាន់ខ្ពស់បីរូបក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump នឹងជួបជាមួយសមភាគីចិននៅទីក្រុងឡុងដ៍នៅថ្ងៃចន្ទ ទី 9 ខែមិថុនា ក្នុងគោលបំណងបញ្ចប់ជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរដែលបានធ្វើឱ្យទីផ្សារពិភពលោកមានការភ្ញាក់ផ្អើលជាច្រើនខែ។
Trump បានបង្ហោះនៅលើបណ្ដាញ Truth Social ដែលរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក Scott Bessant រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick និងតំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer និងតំណាងឱ្យសហរដ្ឋអាមេរិកនៅក្នុងកិច្ចពិភាក្សាដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម។
ក្រសួងការបរទេសចិនបាននិយាយថា ឧបនាយករដ្ឋមន្ត្រី He Lifeng នឹងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសចាប់ពីថ្ងៃទី 8 ដល់ថ្ងៃទី 13 ខែមិថុនា ហើយកិច្ចប្រជុំលើកដំបូងនៃ “យន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក” នឹងប្រព្រឹត្តទៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ។
លោក Trump បានបង្ហាញទំនុកចិត្តថា “កិច្ចប្រជុំនឹងដំណើរការយ៉ាងល្អ” ។
គាត់ក៏បានបង្ហើបថាគាត់បានទូរស័ព្ទជាមួយប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃទី 5 ខែមិថុនា ដែលជាការសន្ទនាផ្ទាល់ដ៏កម្ររវាងមេដឹកនាំ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើបញ្ហាមួយចំនួន ជាពិសេសជម្លោះលើរ៉ែកម្រដែលមានសារៈសំខាន់ចំពោះឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ មេដឹកនាំទាំងពីរបានឯកភាពគ្នាថានឹងធ្វើទស្សនកិច្ចទៅវិញទៅមកនាពេលអនាគត ។ ហើយចាត់មន្ត្រីថ្នាក់ក្រោមឲ្យធ្វើការចរចាក្នុងពេលនេះ។
សម្ពាធសេដ្ឋកិច្ចកំពុងពន្លឿនការចរចារបស់ប្រទេសទាំងពីរ។ សហរដ្ឋអាមេរិកកំពុងប្រឈមនឹងការតស៊ូពីវិនិយោគិន និងដៃគូពាណិជ្ជកម្មដែលមានការព្រួយបារម្ភអំពីគោលនយោបាយរបស់លោក Trump ក្នុងការដំឡើងពន្ធលើទំនិញសាកលដែលគេដាក់ឈ្មោះថា “ពន្ធថ្ងៃរំដោះ”។
ប្រទេសចិនក៏កំពុងរងការវាយប្រហារដោយការរឹតបន្តឹងលើការនាំចូលទំនិញសំខាន់ៗពីសហរដ្ឋអាមេរិក ដូចជាកម្មវិធីរចនាបន្ទះឈីប និងគ្រឿងបន្លាស់រោងចក្រថាមពលនុយក្លេអ៊ែរ។
ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយកាលពីថ្ងៃទី 12 ឧសភា នៅទីក្រុងហ្សឺណែវ ដោយបានយល់ព្រមកាត់បន្ថយពន្ធសងសឹកដែលត្រូវបានដំឡើងលើសពី 100 ភាគរយ ដែលបានបង្កើតឱ្យមានរលកវិជ្ជមាននៅក្នុងទីផ្សារភាគហ៊ុនសកល។
ទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សានេះមិនបានគ្របដណ្តប់លើបញ្ហាសំខាន់ៗដែលបណ្តាលឱ្យមានភាពតានតឹងដូចជាបញ្ហានៃសារធាតុ fentanyl ខុសច្បាប់ ស្ថានភាពរបស់តៃវ៉ាន់ និងការចោទប្រកាន់ថាប្រទេសចិនបានប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋដោយអយុត្តិធម៌។
ក្រុមអ្នកវិភាគនិយាយថា ប្រទេសចិនអាចប្រើប្រាស់ការគ្រប់គ្រងរបស់ខ្លួនលើដីកម្រជា “កាតចរចា” ពីព្រោះប្រសិនបើសហរដ្ឋអាមេរិកមិនអាចផលិតទំនិញដែលប្រើប្រាស់សារធាតុរ៉ែទាំងនេះទេ សេដ្ឋកិច្ចរបស់ខ្លួនអាចនឹងធ្លាក់ចុះដែលនឹងបង្កើតសម្ពាធនយោបាយលើលោក Trump ។
មន្ត្រីអាមេរិកនៅតែមើលឃើញថាប្រទេសចិនជាគូប្រជែងភូមិសាស្ត្រនយោបាយលេខមួយរបស់ពួកគេ និងជាប្រទេសតែមួយគត់ដែលអាចប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកទាំងផ្នែកសេដ្ឋកិច្ច និងយោធា។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត