រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃសុក្រទី 7 ខែមិថុនាថាប្រសិនបើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកអាចឈានដល់មុនពេលកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដានៅសប្តាហ៍ក្រោយនោះប្រទេសជប៉ុននឹងត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយមិនរង់ចាំកិច្ចប្រជុំដែលបានគ្រោងទុក។
ប្រធានអ្នកចរចាពាណិជ្ជកម្មរបស់ប្រទេសជប៉ុនលោក Ryosei Akazawa បាននិយាយបន្ទាប់ពីកិច្ចចរចាលើកទីប្រាំជាមួយមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Scott Bessant និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Howard Lutnick ថា កិច្ចពិភាក្សាកំពុងដំណើរការ ប៉ុន្តែមិនមានការឯកភាពគ្នាណាមួយត្រូវបានសម្រេចឡើយ ហើយបានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនគ្មានចេតនារង់ចាំរហូតដល់កិច្ចប្រជុំកំពូល G7 ប្រសិនបើកិច្ចព្រមព្រៀងអាចសម្រេចបានមុននោះ។
នាយករដ្ឋមន្ត្រី Shigeru Ishiba គ្រោងនឹងធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូល G7 នៅប៉ុន្មានថ្ងៃខាងមុខ ដែលលោកបានហៅថាជា “ព្រឹត្តិការណ៍សំខាន់” ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីបន្ធូរបន្ថយសម្ពាធសេដ្ឋកិច្ចពីការកើនឡើងពន្ធលើពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាពិសេសលើរថយន្ត គ្រឿងបន្លាស់រថយន្ត ដែក និងអាលុយមីញ៉ូម។
ប្រសិនបើកិច្ចពិភាក្សាមិនអាចសម្រេចបានជាផ្លែផ្កាមុនការបោះឆ្នោតព្រឹទ្ធសភាខែកក្កដាទេនោះ ប្រជាប្រិយភាពរបស់ Ishiba អាចប៉ះពាល។ រដ្ឋាភិបាលបានអនុម័តមូលនិធិសង្គ្រោះបន្ទាន់ពីទុនបំរុងរបស់ខ្លួនដើម្បីជួយអាជីវកម្ម និងគ្រួសារដែលរងផលប៉ះពាល់ដោយពន្ធគយ។
Asahi បានរាយការណ៍ថាប្រទេសជប៉ុនក៏បានស្នើយន្តការកាត់បន្ថយពន្ធលើរថយន្តដោយផ្អែកលើចំណែករបស់ប្រទេសនីមួយៗនៃឧស្សាហកម្មរថយន្តរបស់សហរដ្ឋអាមេរិកដើម្បីបង្កើតការលើកទឹកចិត្តជាវិជ្ជមាន។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត