បាតុកម្មនៅទីក្រុង Los Angeles បានរីករាលដាលកាន់តែខ្លាំងប្រឆាំងនឹងការឃុំខ្លួនជនអន្តោប្រវេសន៍
ការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ខណៈពេលដែលក្រុមអ្នកតវ៉ាបានដុតរថយន្ត និងអគារកាលពីថ្ងៃសៅរ៍ (7 មិថុនា) ក្នុងការតវ៉ាប្រឆាំងនឹងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក (ICE) ដែលជំរុញឱ្យមន្ត្រីប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបណ្តេញអ្នកតវ៉ា។
ផ្សែងខ្មៅបានហុយពេញទីក្រុង ខណៈដែលក្រុមអ្នកតវ៉ាបានដុតរថយន្តដើម្បីតវ៉ាប្រឆាំងនឹងការចាប់ខ្លួនជនអន្តោប្រវេសន៍ក្រោមវិធានការរបស់លោកប្រធានាធិបតី Donald Trump ។ អ្នកតវ៉ាខ្លះបាននិយាយថា “ICE ធ្វើហួសហេតុពេកហើយ។ ហើយអ្នកមិនត្រូវបានស្វាគមន៍នៅទីនេះទេ” ខណៈពេលដែលអ្នកផ្សេងទៀតកាន់សញ្ញាដែលសរសេរថា “គ្មានមនុស្សខុសច្បាប់ទេ” ។
ការតវ៉ាបានជំរុញឱ្យភ្នាក់ងារល្បាតព្រំដែនបានបាញ់ឧស្ម័ន
បង្ហូរទឹកភ្នែកដល់ក្រុមបាតុករ ហើយបានបោះជំរំនៅមុខតំបន់ឧស្សាហកម្មមួយក្នុងទីក្រុង Paramount ដោយមានកងកាំភ្លើងធំជាច្រើនត្រូវបានដាក់ពង្រាយ ខណៈក្រុមអ្នកតវ៉ាបានប្រឈមមុខដាក់គ្នានៅម្ខាងផ្លូវ។
លោកប្រធានាធិបតី Donald Trump បាននិយាយនៅលើ Truth Social ថា “រដ្ឋាភិបាលសហព័ន្ធនឹងឈានជើងចូលក្នុងការដោះស្រាយបញ្ហា “អ្នកបះបោរ និងចោរលួច” ប្រសិនបើអភិបាលរដ្ឋ California និងអភិបាលក្រុង Los Angeles “មិនអាចដោះស្រាយបញ្ហាបាន”។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បាននិយាយថា រដ្ឋាភិបាលសហព័ន្ធអាចដាក់ពង្រាយឆ្មាំជាតិរដ្ឋកាលីហ្វ័រញ៉ា និងកងទ័ពចំនួន 2,000 នាក់ផ្សេងទៀត ប៉ុន្តែបានព្រមានថា វិធីសាស្រ្តនេះអាចបង្កើនភាពតានតឹង ហើយហៅវាថាជាវិធីសាស្រ្តខុស និងជាការបំផ្លាញទំនុកចិត្តសាធារណៈបន្ថែមទៀត។
រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ Kristi Noem បាននិយាយថា ការអនុវត្តច្បាប់នឹងមិនអត់ឱនចំពោះ “អ្នកបះបោរនៅ LA” ទៀតទេ។
ICE បានអនុវត្តដីកាស្វែងរកនៅទីតាំងជាច្រើនកាលពីថ្ងៃសុក្រ បន្ទាប់ពីចៅក្រមបានរកឃើញថានិយោជកបានប្រើប្រាស់ឯកសារអត្តសញ្ញាណមិនពិតសម្រាប់បុគ្គលិកមួយចំនួន ហើយការវាយឆ្មក់នាំទៅដល់ការចាប់ខ្លួនជនអន្តោប្រវេសន៍ចំនួន 118 នាក់ រួមទាំង 5 នាក់ជាមួយនឹងទំនាក់ទំនងក្រុមក្មេងទំនើងដែលបង្កឱ្យមានភាពតានតឹង និងការតវ៉ាដោយហិង្សានៅក្នុងទីក្រុងដែលមានចំនួនជនអន្តោប្រវេសន៍ច្រើន។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត