រុស្ស៊ី-អ៊ុយក្រែនយល់ព្រមផ្លាស់ប្តូរអ្នកទោស ១.០០០នាក់ បន្ទាប់ពីកិច្ចចរចាផ្ទាល់លើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ។
តំណាងរុស្ស៊ី និងអ៊ុយក្រែនបានអង្គុយចរចាជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំ ដោយយល់ព្រមលើកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសពី 1,000 ទៅ 1,000 នាក់ ខណៈដែលមេដឹកនាំអ៊ុយក្រែនបានស្នើសុំការពិភាក្សាដោយផ្ទាល់ជាមួយលោកពូទីន ប៉ុន្តែមន្ត្រីរុស្ស៊ីមិនទាន់បានទទួលពាក្យនៅឡើយទេ។
នៅថ្ងៃទី 16 ខែឧសភា ឆ្នាំ 2025 កាសែត The New York Times បានរាយការណ៍អំពីវឌ្ឍនភាពនៃកិច្ចចរចាដោយផ្ទាល់រវាងមន្ត្រីជាន់ខ្ពស់រុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ដែលជាកិច្ចពិភាក្សាទល់មុខគ្នាជាផ្លូវការលើកដំបូងក្នុងរយៈពេល 3 ឆ្នាំចំពេលមានសង្រ្គាមនៅអ៊ុយក្រែន។
សេចក្តីរាយការណ៍ព័ត៌មានបានបញ្ជាក់ថា កិច្ចចរចាបានដំណើរការទៅដោយរលូន មានរយៈពេលប្រហែល ១ម៉ោង ៤០នាទី ដោយភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសសង្គ្រាមម្ខាងៗ ១.០០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែកាលបរិច្ឆេទ និងពេលវេលាពិតប្រាកដមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានបញ្ជាក់ថា កាលបរិច្ឆេទសម្រាប់ការដោះដូរអ្នកទោសត្រូវបានកំណត់ ប៉ុន្តែវាមិនអាចបង្ហាញជាសាធារណៈបានទេនៅពេលនេះ ដែលជាសញ្ញាវិជ្ជមានចំពេលមានវិបត្តិសង្រ្គាមដែលកំពុងបន្ត។
ទន្ទឹមនឹងនោះ លោក Vladimir Medinsky ប្រធានគណៈប្រតិភូរុស្ស៊ីបាននិយាយបន្ទាប់ពីកិច្ចពិភាក្សាថា ប្រទេសទាំងពីរនឹងបង្ហាញចក្ខុវិស័យរបស់ពួកគេសម្រាប់បទឈប់បាញ់នាពេលខាងមុខ ហើយបញ្ជាក់ថា ការដោះដូរអ្នកទោសពិតជានឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
របាយការណ៍បាននិយាយថា ក្នុងជំនួបនោះ អ៊ុយក្រែនក៏បានស្នើឱ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលរុស្ស៊ីបាននិយាយថា ខ្លួនបានទទួលស្គាល់ ប៉ុន្តែមិនបានឆ្លើយតបជាផ្លូវការនោះទេ។
កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានកិច្ចចរចា។ ទោះបីជាវឌ្ឍនភាពដែលធ្វើឡើងមិនទាន់មានសន្តិភាពពេញលេញក៏ដោយ ប៉ុន្តែវាបានបើកទ្វារទៅកាន់របៀបវារៈនៃការចរចាពិតប្រាកដនាពេលអនាគត បន្ទាប់ពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានអូសបន្លាយជាង 3 ឆ្នាំ បណ្តាលឲ្យមនុស្សរាប់លាននាក់ស្លាប់ និងភៀសខ្លួន។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត
ប្រភព៖ Tharath