អ៊ីស្រាអែលបានវាយលុកតំបន់ជាច្រើនក្នុងហ្គាហ្សា រួមទាំងជនភៀសខ្លួនតាមសាលារៀនមួយកន្លែង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 20 នាក់ រួមទាំងស្ត្រី និងកុមារ និងរាប់សិបនាក់ទៀតរងរបួស។
ការប្រយុទ្ធនៅហ្គាហ្សានៅតែតានតឹង។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារតំបន់ជាច្រើននៃតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃទី 26 ខែឧសភា ឆ្នាំ 2025 រួមទាំងសាលារៀនមួយនៅក្នុងទីក្រុងហ្គាហ្សា ដែលត្រូវបានប្រើប្រាស់ជាជម្រកបណ្តោះអាសន្នសម្រាប់ជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាដែលត្រូវបានផ្លាស់ទីលំនៅដោយសង្រ្គាម។ មន្ត្រីក្នុងតំបន់បាននិយាយថា អំពើហឹង្សាបានសម្លាប់មនុស្សយ៉ាងតិច២០នាក់ រួមទាំងស្ត្រី និងកុមារ និងរាប់សិបនាក់ទៀតរងរបួស។
អ្នកស្រុកប៉ាឡេស្ទីនម្នាក់នៅតំបន់នោះបាននិយាយថា ការវាយប្រហារបានកើតឡើងនៅម៉ោងប្រហែល 1:00 ព្រឹក ខណៈដែលមនុស្សគ្រប់គ្នាកំពុងដេកលក់ ហើយមិនបានជូនដំណឹងដល់ពួកគេជាមុននោះទេ។ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយលុកមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដោយវាយលុកទីតាំងដែលត្រូវបានប្រើដើម្បីរៀបចំផែនការ និងប្រមូលផ្តុំការស៊ើបការណ៍សម្ងាត់សម្រាប់ការវាយប្រហារភេរវកម្មលើជនស៊ីវិល និងកងកម្លាំងអ៊ីស្រាអែល។
យោធាអ៊ីស្រាអែលបាននិយាយថា ក្នុងរយៈពេល 48 ម៉ោងកន្លងមកនេះ យោធាបានវាយប្រហារជាង 200 គោលដៅនៅទូទាំងតំបន់ហ្គាហ្សា និងបានរកឃើញកាំជ្រួចចំនួន 3 គ្រាប់ដែលបាញ់ចេញពីតំបន់ហ្គាហ្សាសំដៅទៅលើសហគមន៍អ៊ីស្រាអែល។ ចំណាត់ការនេះកើតឡើងនៅពេលដែលអ៊ីស្រាអែលបង្កើនការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សាដើម្បីកម្ទេចក្រុមហាម៉ាស់ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្រកាសមុននេះថាអ៊ីស្រាអែលនឹងគ្រប់គ្រងតំបន់ហ្គាហ្សាទាំងអស់ដែលឥឡូវនេះត្រូវបានគ្រប់គ្រងប្រហែល 77 ភាគរយ។
អាមេរិកច្រានចោលការទទួលយកកិច្ចព្រមព្រៀងឈប់បាញ់របស់ក្រុមហាម៉ាស
ចំពេលមានការបាញ់កាំភ្លើង និងការទម្លាក់គ្រាប់បែកនៅហ្គាហ្សា កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសម្រុះសម្រួលដើម្បីជំរុញឱ្យមានការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័សនៅតែបន្ត។ មន្ត្រីប៉ាឡេស្ទីនដែលស្និទ្ធនឹងក្រុមហាម៉ាស់បាននិយាយកាលពីយប់ថ្ងៃពុធថាក្រុមហាម៉ាស់បានទទួលយកការផ្តល់ជូនបទឈប់បាញ់ពីលោក Steve Witkoff តំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់មជ្ឈិមបូព៌ា ។
ការផ្តល់ជូននេះរួមមានការដោះលែងចំណាប់ខ្មាំង 10 នាក់ បទឈប់បាញ់រយៈពេល 70 ថ្ងៃ ការដកអ៊ីស្រាអែលមួយផ្នែកចេញពីតំបន់ហ្គាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួន រួមទាំងអ្នកទោសរាប់រយនាក់ដែលជាប់ពន្ធនាគារអស់មួយជីវិត។
ទោះជាយ៉ាងណាក៏ដោយថ្មីៗនេះលោក Witkoff បានបដិសេធការអះអាងរបស់ហាម៉ាសដែលថាខ្លួនបានយល់ព្រមលើការផ្តល់ជូននេះដោយនិយាយថាវាមិនមែនជាការផ្តល់ជូនរបស់គាត់ទេ ហើយអ្វីដែលគាត់បានឃើញគឺមិនអាចទទួលយកបានទាំងស្រុង។ លោកក៏បានលាតត្រដាងផងដែរថា បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សាគឺស្ថិតនៅលើតុ រួមជាមួយនឹងផែនការបញ្ចប់សង្រ្គាម ហើយបានអំពាវនាវឱ្យក្រុមហាម៉ាសទទួលយកកិច្ចព្រមព្រៀងនេះ។
Netanyahu ប្តេជ្ញានាំចំណាប់ខ្មាំងមកផ្ទះ
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឆ្លៀតឱកាសក្នុងទិវា Jerusalem ដែលជាថ្ងៃដ៏សំខាន់សម្រាប់ប្រជាជនអ៊ីស្រាអែល ដើម្បីអបអរសាទរការបង្រួបបង្រួមក្រុងហ្សេរុយសាឡឹមដោយជោគជ័យក្នុងឆ្នាំ 1967 ដើម្បីសន្យានាំយកមកវិញនូវចំណាប់ខ្មាំងទាំងអស់ ទាំងរស់ និងស្លាប់។ បើមិនថ្ងៃនេះទេគឺជាថ្ងៃស្អែក ហើយបើមិនមានថ្ងៃស្អែកក៏ជាថ្ងៃក្រោយ។ យើងនឹងមិនបោះបង់ចោលឡើយ។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត