«ភូមថាំ» បញ្ជាក់ថា រដ្ឋាភិបាលនិងយោធាមានឯកភាព ការបិទព្រំដែនប៉ះពាល់សេដ្ឋកិច្ចខ្លាំងណាស់

«ភូមថាំ» បញ្ជាក់ថា រដ្ឋាភិបាល និងយោធារួបរួមគ្នា ឈានទៅមុខជាមួយយន្តការ JBC ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ជៀសវាងជម្លោះកាន់តែតានតឹង ដោយលើកឡើងថា ការបិទព្រំដែនមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
ថ្ងៃនេះ (០២ មិថុនា ២០២៥) លោក Phumtham Vejjayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហោះនៅលើ Facebook ដើម្បីបំភ្លឺទាក់ទងនឹងព័ត៌មានលើបណ្ដាញសង្គម ដែលបានចោទប្រកាន់ថា ជាជម្លោះរវាងភាគីអ្នកនយោបាយ និងយោធាក្នុងការគ្រប់គ្រងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលនាំឱ្យមានការយល់ច្រលំអំពីបញ្ហាគ្រប់គ្រងរវាងប្រទេសទាំងពីរ ជាពិសេសការបិទព្រំដែន។

លោកបានបញ្ជាក់ថា លោក និងយោធាបានពិភាក្សាគ្នាច្រើនដងហើយ ហើយយល់ស្របថា ក្នុងស្ថានភាពបច្ចុប្បន្ន រដ្ឋាភិបាលទាំងពីរកំពុងព្យាយាមរកមធ្យោបាយដោះស្រាយវិបត្តិ ដោយគិតគូរជាអាទិភាពលើផលប្រយោជន៍ប្រជាពលរដ្ឋ និងអធិបតេយ្យភាពជាតិ។ ដូច្នេះហើយ ពួកគេបានកំណត់ព្រំដែន ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា ហើយកំពុងព្យាយាមកាត់បន្ថយលក្ខខណ្ឌ ដែលនឹងការពារជម្លោះកុំឱ្យកើនឡើងថែមទៀត។

ទាក់ទិននឹងការបិទព្រំដែនបច្ចុប្បន្ន រដ្ឋាភិបាលជឿជាក់ថា ជំហរ និងការប្រតិកម្មនៃប្រទេសទាំងពីរ ជាការប្រតិកម្មដែលអាចកាត់បន្ថយភាពតានតឹងបាន ព្រោះការបិទព្រំដែន ទោះបីមិនមែនជារឿងជម្លោះផ្ទាល់ក៏ដោយ វានឹងបង្កបញ្ហាសេដ្ឋកិច្ច ប៉ះពាល់ដល់របៀបរស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យស្ថានភាពពិបាកដោះស្រាយ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ យោធាកំពុងមានការប្រុងប្រយ័ត្ន និងមិនបានធ្វេសប្រហែសក្នុងការការពារខ្លួន និងអធិបតេយ្យភាពទឹកដីរបស់ខ្លួន។ បច្ចុប្បន្ន រដ្ឋាភិបាល រួមនឹងកងកម្លាំងប្រដាប់អាវុធ និងក្រសួងការបរទេស កំពុងប្រើប្រាស់យន្តការ JBC ដើម្បីដោះស្រាយបញ្ហាស្របតាមនីតិវិធីបច្ចុប្បន្ន ដើម្បីបង្កើតវេទិកាជជែកដេញដោលផ្អែកលើអង្គហេតុស្របតាមច្បាប់។

ខ្ញុំសូមបញ្ជាក់ថា រដ្ឋាភិបាល និងយោធាបានរួបរួមគ្នា និងមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សាសន្តិភាព ដើម្បីជាប្រយោជន៍ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ សូមធានាថាយើងនឹងជៀសវាងការបង្កើនជម្លោះដែលនាំឱ្យមានការខាតបង់ទាំងសង្ខាង។
កន្លងមក យើងបានខិតខំប្រឹងប្រែងរួមគ្នា ទាំងការប្រជុំ ពិភាក្សា សិក្សាព័ត៌មាន និងផលប៉ះពាល់លើទិដ្ឋភាពផ្សេងៗ ដើម្បីផ្តល់ជម្រើសសមស្របក្នុងការគ្រប់គ្រងជម្លោះនេះ ដើម្បីឱ្យវាអាចដោះស្រាយដោយសន្តិវិធី និងយុត្តិធម៌ ដើម្បីផលប្រយោជន៍ និងសន្តិភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *