រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងកំណត់គោលដៅប្រាក់ចំណូលពីកិច្ចសន្យារដ្ឋាភិបាលរបស់សាកលវិទ្យាល័យ Harvard បន្ទាប់ពីបង្កកមូលនិធិជាង 2 ពាន់លានដុល្លារកាលពីខែមុន។
មន្ត្រីជាន់ខ្ពស់សេតវិមានបាននិយាយថា រដ្ឋបាលសេវាសហព័ន្ធកំពុងផ្ញើសារាចរទៅកាន់ភ្នាក់ងាររដ្ឋាភិបាលដើម្បីពិនិត្យមើលកិច្ចសន្យាជាមួយសាកលវិទ្យាល័យ Harvard និងកំណត់ថាតើពួកគេអាចលុបចោល ឬផ្លាស់ប្តូរទៅកិច្ចសន្យាផ្សេងទៀតបានឬទេ?
រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ប៉ាន់ប្រមាណថា បច្ចុប្បន្នមានកិច្ចសន្យាប្រហែល 30 ជាមួយសាកលវិទ្យាល័យ Harvard ដែលមានតម្លៃសរុប 100 លានដុល្លារ ដែលអាចត្រូវបានដកហូត ឬចាត់ទុកថាទាបជាងស្តង់ដារ និងដកហូតបាន ដើម្បីអនុញ្ញាតឱ្យផ្ទេរមូលនិធិទៅទីភ្នាក់ងារផ្សេងទៀត។
យោងតាមមូលដ្ឋានទិន្នន័យរបស់រដ្ឋាភិបាលសហព័ន្ធ កិច្ចសន្យាដែលអាចរងផលប៉ះពាល់រួមមានកិច្ចសន្យាជាមួយវិទ្យាស្ថានសុខភាពជាតិដើម្បីសិក្សាពីផលប៉ះពាល់នៃការផឹកកាហ្វេ និងកិច្ចសន្យាជាមួយនាយកដ្ឋានសន្តិសុខមាតុភូមិដើម្បីបណ្តុះបណ្តាលអ្នកប្រតិបត្តិ។
សារាចរតម្រូវឱ្យភ្នាក់ងាររដ្ឋាភិបាលជូនដំណឹងដល់ទីភ្នាក់ងារត្រឹមថ្ងៃទី 6 ខែមិថុនា អំពីការលុបចោលកិច្ចសន្យា។ មន្ត្រីបាននិយាយថា កិច្ចសន្យាដែលទាក់ទងនឹងបញ្ហាសំខាន់ៗ និងដែលកំពុងបន្តនឹងមិនត្រូវបានបញ្ចប់ភ្លាមៗនោះទេ ប៉ុន្តែនឹងត្រូវផ្ទេរទៅឱ្យភ្នាក់ងារ ឬអ្នកផ្តល់សេវាផ្សេងទៀត។ ការបញ្ចប់ដែលមានសក្តានុពលនឹងមិនរួមបញ្ចូលកិច្ចសន្យាដែលទាក់ទងនឹងមន្ទីរពេទ្យក្នុងតំបន់ Harvard ទេ។
ប្រធានសាកលវិទ្យាល័យ Harvard លោក Alan Garber បាននិយាយថា ការកាត់បន្ថយការផ្តល់មូលនិធិស្រាវជ្រាវនឹងជះឥទ្ធិពលជៀសមិនរួចដល់សាកលវិទ្យាល័យ និងប្រទេសទាំងមូល ពីព្រោះមូលនិធិស្រាវជ្រាវមិនមែនជាជំនួយទេ ប៉ុន្តែជាប្រាក់ដែលសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវប្រើប្រាស់ដើម្បីធ្វើការស្រាវជ្រាវដែលរដ្ឋាភិបាលបានកំណត់ថាមានសារៈសំខាន់ និងបានបែងចែកថវិកា។
ចំណាត់ការនេះគឺជាការប៉ុនប៉ងមួយទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដាក់សម្ពាធលើស្ថាប័នចំណាស់ជាងគេរបស់ប្រទេសនេះឱ្យឱនក្បាល បន្ទាប់ពីរដ្ឋាភិបាលបានចោទប្រកាន់សាកលវិទ្យាល័យ Harvard ពីការរើសអើងលើសិស្សដោយផ្អែកលើជាតិសាសន៍ និងបរាជ័យក្នុងការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវការប្រឆាំងនឹងពួកយូដានៅក្នុងបរិវេណសាលា។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត