រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសចិនតែងតែជាមហាអំណាចដែលមានស្ថិរភាព និងគួរឱ្យទុកចិត្តបំផុត ចំពេលពិភពលោកមានភាពចលាចល និងជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ។
លោកក៏បានដាក់សំណើចំនួន៤ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន៖
ទីមួយ ទាក់ទងនឹងការការពារយុត្តិធម៌ពិភពលោក ប្រទេសចិន និងអាស៊ានគួរតែធ្វើការរួមគ្នាដើម្បីការពារប្រព័ន្ធពិភពលោកជាមួយអង្គការសហប្រជាជាតិ (UN) ជាស្នូល និងការពារសណ្តាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់អន្តរជាតិ។
ទីពីរ ទាក់ទងនឹងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ជម្លោះភូមិសាស្ត្រនយោបាយសកល ឬការប្រឈមមុខដាក់គ្នារវាងក្រុមនានា មិនគួរត្រូវបាននាំចូលទៅក្នុងទ្វីបអាស៊ី ហើយប្រទេសចិនមានឆន្ទៈក្នុងការនាំមុខនៃការចុះហត្ថលេខាលើពិធីសារនៃសន្ធិសញ្ញាស្តីពីតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍។
លោក Wang បាននិយាយថា សមុទ្រចិនខាងត្បូងគឺជាផ្ទះរួមសម្រាប់ប្រទេសជាច្រើននៅក្នុងតំបន់ មិនមែនជាសមរភូមិសម្រាប់មហាអំណាចធំនោះទេ។ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីអនុវត្ត “សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង” និងបន្តការពិភាក្សាស្តីពីការបង្កើត “ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង”។
ទីបី ទាក់ទងនឹងផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចក្នុងការរួមដៃជាមួយអាស៊ានដើម្បីកសាង “កំណែ 3.0 តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន” និងអនុវត្ត “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់” ដើម្បីកសាងបណ្តាញពាណិជ្ជកម្មសេរីកម្រិតខ្ពស់។
ទី៤ ទាក់ទងនឹងការលើកកម្ពស់បរិយាប័ន្ន និងការរៀនសូត្រទៅវិញទៅមក លោក Wang បាននិយាយថា ប្រទេសចិន និងអាស៊ានគួរតែចាត់វិធានការជាក់ស្តែងដើម្បីធ្វើឱ្យ “គំនិតផ្តួចផ្តើមអរិយធម៌ពិភពលោក” ក្លាយជាការពិត។ ភាគីទាំងពីរគួរតែរួមគ្នារៀបចំ និងផ្សព្វផ្សាយ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជនទៅប្រជាជន”ផងដែរ។
អត្ថបទ៖ ហូរ មុនីវ័ន្ត
ប្រភព៖ Reuters