ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រពកញ្ចប់ទី២ ការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដី ដោយប្រើពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (PMU-WB) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារគម្រោង អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប្រព័ន្ធស្រោចស្រពកញ្ចប់ទី២ គឺគម្រោងការធ្វើឱ្យប្រសើរឡើងប្រព័ន្ធបូមទឹកក្រោមដី ដោយប្រើពន្លឺព្រះអាទិត្យ សម្រាប់សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង ស្ថិតក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
សូមជម្រាបថា ក្នុងដំណើរចុះបេសកកម្មនេះមានការចូលរួមពីលោកនាយកគម្រោង ប្រធានគ្រប់គ្រង អនុប្រធាន សមាជិក សមាជិកានៃសហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង និងតំណាងក្រុមហ៊ុន តាំង ឆេងអ័ង ខនស្រ្តាក់សិន & អ៊ីមផត អិចផត ខូ អិលធីឌី ដែលគោលបំណងនៃការចុះបេសកកម្ម គឺដើម្បីពិនិត្យលើដំណើរការ គុណភាព និងវឌ្ឍនភាពការងារបន្ទាប់ពីក្រុមហ៊ុនខាងលើ បានដំណើរការសាងសង់ប្រមាណ ១ត្រីមាស កន្លងមក។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានណែនាំបន្ថែមដល់ភាគីក្រុមហ៊ុនត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងពង្រឹងបន្ថែមលើលក្ខណ:បច្ចេកទេសក្នុងការសាងសង់ឱ្យបានត្រឹមត្រូវទៅតាមគំនូសប្លង់ ជាពិសេសត្រូវតែសម្រេចការងារតាមការគ្រោងទុក។ បន្ថែមពីនេះ ឯកឧត្តមក៏បានស្នើឱ្យមានការចូលរួមពីភូមិឃុំ និងសហគមន៍ ព្រមទាំងការជួយជាគ្រឿងចក្រពីភាគីក្រុមហ៊ុនក្នុងស្តារ និងកែលម្អស្រះទឹកនៅក្បែរសំណង់ឱ្យមានលក្ខណ:ល្អប្រសើរបន្ថែមទៀត ដើម្បីជួយបង្កើនសក្តានុពលស្តុកទឹក ក៏ដូចជាសោភ័ណភាពមូលដ្ឋានផងដែរ។
តំណាងសហគមន៍ ក៏ដូចជាភូមិឃុំ បានបង្ហាញនូវសេចក្តីត្រេកអរសាទរចំពោះសមិទ្ធផលនេះ ដែលអាចជួយបង្កើនបរិមាណទឹកសម្រាប់ស្រោពស្រពដំណាំត្រសក់ ស្ពៃចង្កឹះ ត្រប់ និងអាចធ្វើឱ្យទិន្នផលមានការកើនឡើង ជាពិសេសជួយដល់ការធ្វើឱ្យល្អប្រសើរឡើងសេដ្ឋកិច្ច-សង្គមរបស់ប្រជាពលរដ្ឋក្នុងតំបន់៕
នៅថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥
        
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម
ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *