ភ្នំពេញ៖ កម្ពុជា បានប្រកាសជំហរយ៉ាងមុតមាំថា ទោះបីជាកម្ពុជា ទទួលយកការចរចាជាមួយថៃ ជុំវិញវិវាទព្រំដែនតាមរយៈកិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ ដែលបានចាប់ផ្តើមកាលពីម្សិលមិញ និងបន្ដកិច្ចប្រជុំនេះនៅអាទិត្យ នេះទៀតក្ដី ក៏កម្ពុជា នៅតែត្រូវដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីការពារស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធីជាមួយប្រទេសជិតខាង និងដើម្បីការពារទឹកដីរបស់កម្ពុជា ហើយនេះបង្ហាញថា កម្ពុជា ឈរលើភាពត្រឹមត្រូវ និងគោរពតាមច្បាប់អន្តរជាតិជាគោលសំខាន់។
ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្ដេចនៅមុននេះបន្តិចថា នៅព្រឹកថ្ងៃអាទិត្យ ទី១៥ មិថុនា ឆ្នាំ២០២៥ នេះរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។
ជាការគាប់ជួន នៅថ្ងៃទី១៥ មិថុនា ១៩៦២ ពោលគឺកាលពី៦៣ឆ្នាំមុន គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជា ឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ ដែលថៃ បានអះអាងសិទ្ធិកាន់កាប់ទាំងបំពានដែនអធិបតេយ្យរបស់កម្ពុជា និងបំពានច្បាប់អន្តរជាតិដែលធ្វើឱ្យថៃ អាម៉ាស់ម្ដងរួចមកហើយនៅលើឆាកអន្តរជាតិ។ នេះហើយជាហេតុផលដែលភាគីថៃ មិនចង់ដោះស្រាយវិវាទព្រំដែនជាមួយកម្ពុជា នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយចង់ចរចាទ្វេភាគីជាមួយនឹងចេតនាទុច្ចរិត ក្រឡេចក្រឡុច។
សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតី និងគោលបំណងគឺដូចគ្នា÷ គឺកម្ពុជា ជ្រើសរើសយកការដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារ កាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។
សូមបញ្ជាក់ថា លិខិតផ្លូវការដែលផ្ញើទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នេះ គឺក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចាត់តាំងមន្ត្រីមួយរូបធ្វើដំណើរតាមយន្តហោះដើម្បីនាំយកលិខិតនេះដោយផ្ទាល់ទៅប្រគល់ជូនស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ ហើយនៅថ្ងៃច័ន្ទ ទី១៦ ខែមិថុនា ស្អែកនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសហូឡង់ នឹងប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ៕