រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា

រដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់” ក្រោមអធិបតីភាពឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល។

ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាម ថែរក្សានៅស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរាជរដ្ឋាភិបាលបានកៀរគរអ្នកវិនិយោគមកកាន់តែច្រើន ដែលកាលពីមុនយើងមានរោងចក្រតិចតួច ហើយឥឡូវនេះយើងមានរោងចក្រច្រើន ការងារក៏កាន់តែសម្បូរ ហើយតម្លៃពលកម្មឬប្រាក់ខែកាន់តែច្រើនផងដែរ។ ទន្ទឹមនឹងការងារសម្បូរ បងប្អូនកម្មករ កម្មការិនីរបស់យើង មានឱកាសច្រើនអាចម្រេចចិត្តធ្វើការនៅរោងចក្រណាដែលខ្លួនគិតថាសាកសមទៅនឹងសមត្ថភាពរបស់ខ្លួន។ បើទោះបីជាយើងមានរោងចក្រច្រើន សម្បូរការងារយ៉ាងណាក៏ដោយ សូមបងប្អូនកម្មកររោងចក្រទាំងអស់ ធ្វើការនៅកន្លែងណាឱ្យបានជាប់លាប់ ឬយូរ ដើម្បីអត្ថប្រយោជន៍របស់យើងនៅពេលដែលចូលនិវត្តន៍យើងនឹងទទួលបានប្រាក់សោធន៍និវត្តន៍បានច្រើន ចៀសវាងការផ្លាស់ប្ដូរការងារជាប្រចាំធ្វើឱ្យយើងខាតបង់ប្រាក់សោធន៍និវត្តន៍។ ទន្ទឹមនឹងនេះបងប្អូនកម្មករ កម្មការិនី ពិតជាបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ នៅពេលដែលបងប្អូនមានការងារធ្វើកាន់តែច្រើន ប្រាក់ចំណូលបានកាន់តែខ្ពស់ ធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់ផងដែរ។ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បានគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនកម្មករ កម្មការិនី ដោយបានដាក់ចេញគោលនយោបាយគាំពារសង្គម ដែលមានអត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនកម្មករទាំងអស់គ្នា ដូចនេះអត្ថប្រយោជន៍អ្វីដែលបងប្អូនត្រូវបាន បងប្អូនត្រូវដឹង នឹងទទួលយកអត្ថប្រយោជន៍នេះឱ្យបានគ្រប់ៗគ្នា។

លោក ធុល នាង ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានឱ្យដឹងថា បច្ចុប្បន្នខេត្តកណ្ដាលមាន រោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ១ ៩៨១ មានកម្មករនិយោជិតសរុបចំនួន ២០២ ៧៩០នាក់ ក្នុងនោះវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មានចំនួន២៦៤ មានកម្មករនិយោជិតចំនួន ១៦៦ ៦០៤នាក់ ដែលអាចស្រូបបាននូវប្រាក់ចំណូលប្រមាណ ៤៤៩ ៨៣០ ៨០០ដុល្លារក្នុង១ឆ្នាំ៕ ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)

ប្រភព៖ ក្រសួងព័ត៌មាន

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *