ឯកឧត្តមបណ្ឌិត ម៉ា ឈឿន និងលោកជំទាវ អញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សស្រុកជើងព្រៃ ឆ្នាំ២០២៤
នៅព្រឹកថ្ងៃទី២ ខែភុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកជំទាវ អ៊ុក ម៉ាលី បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សស្រុកជើងព្រៃ ឆ្នាំ២០២៤ ស្ថិតនៅទីស្នាក់ការគណបក្សស្រុកជើងព្រៃ។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសមាជិកព្រឹទ្ធសភា រដ្ឋសភា និងការចូលរួមពីគណបក្សខេត្ត ស្រុក ឃុំ ភូមិ និងសមាជិកសមាជិកា យ៉ាងច្រើនកុះករ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានថ្លែងថា កត្តាសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន មានសន្តិភាព មានការអភិវឌ្ឍ មានសន្តិភាព ប្រជាពលរដ្ឋមានឱកាសគ្រប់គ្រាន់ក្នុងការប្រកបរបរផ្សេងៗ ការធ្វើដើរណើរកំសាន្តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសការជួបជុំក្រុមគ្រួសារ សាច់ញាតិ ប្រកបដោយសុខដុមរមនា ក្រោមការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស។
ឯកឧត្តមបណ្ឌិត ថ្លែងបន្តថា សូមបងប្អូនប្រជាជនកម្ពុជាទាំងអស់គ្នា រួបរួមគ្នាបន្តថែរក្សាសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តការអភិវឌ្ឍរីកចម្រើននៃសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជន ជាពិសេសសូមបន្តចូលរួមគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធាន និងលោកជំទាវបណ្ឌិត បានផ្តល់ថវិកាដល់សមាជិក សមាជិកាដែលបានចូលរួមក្នុង១នាក់ចំនួន២០.០០០រៀល។ ចំណាយរៀបចំកម្មវិធីអស់ថវិកាចំនួន ១៧.១៩៨.០០០រៀល៕