មេដឹកនាំរុស្ស៊ីបានស្នើឱ្យជួបពិភាក្សាដោយផ្ទាល់ជាមួយអ៊ុយក្រែនដើម្បីបញ្ចប់សង្រ្គាមដែលអូសបន្លាយជាង 3 ឆ្នាំមកហើយដោយបញ្ជាក់ថាគាត់ចង់និយាយនៅក្នុងប្រទេសទួរគីនៅថ្ងៃទី 15 ខែឧសភា ឆ្នាំ2025។
កាលពីថ្ងៃទី (១១ ឧសភា ២០២៥) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យជួបពិភាក្សាផ្ទាល់ជាមួយអ៊ុយក្រែននៅថ្ងៃទី ១៥ ឧសភា ដោយបញ្ជាក់ថា កិច្ចចរចាគួរតែចាប់ផ្តើមភ្លាមៗ ដោយមិនបង្អង់យូរ ដើម្បីបង្កើតសន្តិភាពប្រកបដោយនិរន្តរភាព និងលុបបំបាត់ឫសគល់នៃសង្រ្គាម។ មេដឹកនាំរុស្ស៊ីក៏បានបញ្ជាក់ថា វាអាចទៅរួចដែលការចរចានឹងឈានដល់បទឈប់បាញ់ ឬបញ្ចប់សង្គ្រាមតែម្ដង។
មេដឹកនាំរុស្ស៊ីក៏បានបញ្ជាក់ដែរថា លោកនឹងពិភាក្សាជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan អំពីព័ត៌មានលម្អិតនៃកិច្ចចរចា បន្ទាប់ពីលោកបញ្ជាក់ថា លោកចង់ធ្វើកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ កន្លងមក កិច្ចពិភាក្សាផ្ទាល់ថ្មីៗបំផុតរវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ីដំបូងលើអ៊ុយក្រែននៅដើមឆ្នាំ 2022 ឬជាង 3 ឆ្នាំមុន។
ជំហរនេះត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំអឺរ៉ុបបានធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ហើយបានអំពាវនាវឱ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌក្នុងប្រទេសអ៊ុយក្រែនរយៈពេល៣០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១២ ឧសភា។
ខណៈដែលនៅអ៊ុយក្រែនមិនទាន់បង្ហាញជំហរចំពោះសំណើរបស់មេដឹកនាំរុស្ស៊ី ក្នុងអំឡុងពេលដែលរុស្ស៊ីស្នើបទឈប់បាញ់រយៈពេល 3 ថ្ងៃជាមួយអ៊ុយក្រែនក្នុងពិធីអបអរសាទរជ័យជម្នះលើអតីតណាស៊ីអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី 2 មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថាមិនមានការផ្លាស់ប្តូរអ្វីទេ ខណៈដែលរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានរំលោភលើបទឈប់បាញ់ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើកពីរុស្ស៊ីចំនួន 524 គ្រឿងដើម្បីវាយប្រហារ។
នៅថ្ងៃទី 15 ឧសភា ឆ្នាំ2025
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត