លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ប្រកាសថា រដ្ឋាភិបាលរបស់លោកស្រីគ្មានគម្រោងបញ្ជូនពលករខ្មែរ មកកម្ពុជា វិញនោះទេ តែពួកគេអាចទៅបានបើមានការងារសមរម្យ

ដោយ: RT News

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានប្រកាសជំហរថា រដ្ឋាភិបាលរបស់លោកស្រីគ្មានផែនការបញ្ជូនពលករខ្មែរ មកកម្ពុជា វិញនោះទេ ទោះបីជាភាពតានតឹងជាមួយកម្ពុជា ពាក់ព័ន្ធនឹងវិវាទព្រំដែននៅតំបន់ប្រាសាទ
តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី មានការកើនឡើងយ៉ាងណាក៏ដោយចុះ ព្រោះរដ្ឋាភិបាលរបស់លោកស្រីតម្កល់ផលប្រយោជន៍ជាតិជាធំ និងគោរពសិទ្ធិមនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation កាលពីថ្ងៃអាទិត្យ ទី១៥ ខែមិថុនា។

លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា បានធ្វើការឆ្លើយតបបែបនេះ ក្រោយពីកម្ពុជា បានប្រកាសជំហរថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីនាំពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ត្រលប់មកស្រុកវិញ។

នាយករដ្ឋមន្ត្រីថៃ វ័យ៣៧ឆ្នាំដែលជាកូនស្រីបង្កើតរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា រូបនេះបានសង្កត់ធ្ងន់ថា ប្រទេសថៃ ស្វាគមន៍ពលករបរទេសចម្រុះជាតិសាសន៍ និងគោរពសិទ្ធិមនុស្ស ហើយតែងតែជួយគាំទ្រដល់ពលករបរទេសដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ដោយស្របច្បាប់។

លោកស្រីបានគូសបញ្ជាក់បន្ថែមថា ពលករបរទេសមានសិទ្ធិវិលត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ប្រសិនបើរដ្ឋាភិបាលរបស់ពួកគេផ្តល់ការងារឱ្យពួកគេសមរម្យ ប៉ុន្តែសម្រាប់ជំហររបស់ប្រទេសថៃ គឺមិនបង្ខំឱ្យពលករបរទេសណាម្នាក់ឱ្យចាកចេញនោះឡើយ។

ទាក់ទិននឹងបញ្ហានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជា ខ្វះកម្លាំងពលកម្មជាង២៣ម៉ឺននាក់ ដែលជាឱកាសដ៏ល្អសម្រាប់ពលករខ្មែរ ត្រលប់មកពីប្រទេសថៃ វិញ ហើយក្រសួងការងារ ក៏បានត្រៀមការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ និងពលករខ្មែរ នៅប្រទេសថៃ ដែលមានបំណងវិលត្រលប់មកស្រុកកំណើតវិញផងដែរ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១លាន៥សែននាក់៕

 

អត្ថបទ៖ សុខុម

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *