មេដឹកនាំអាមេរិកបានព្រមានអ៊ីរ៉ង់ថា នឹងប្រឈមផលវិបាកធ្ងន់ធ្ងរប្រសិនបើហ៊ានវាយប្រហារអាមេរិក ខណៈអ៊ីស្រាអែល និង

អ៊ីរ៉ង់បន្តសងសឹក។ មនុស្សយ៉ាងតិច១០នាក់ ត្រូវបានរកឃើញស្លាប់នៅខាងអ៊ីស្រាអែល។
ថ្ងៃនេះ (15 មិថុនា 2025) កងទ័ពអ៊ីស្រាអែលបានបញ្ចេញរូបភាពនៃការវាយប្រហារលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ង់ និងបានប្រកាសព្រមានប្រជាជនអ៊ីរ៉ង់ដែលរស់នៅក្បែររោងចក្រផលិតអាវុធក្នុងទីក្រុង Tehran ឱ្យជម្លៀសចេញពីតំបន់នេះ ព្រោះអ៊ីស្រាអែលនឹងបន្តវាយប្រហារគោលដៅក្នុងគោលបំណងកាត់បន្ថយសមត្ថភាពនុយក្លេអ៊ែរ និងអាវុធរបស់អ៊ីរ៉ង់។
កន្លងមក កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានវាយប្រហារគោលដៅជាច្រើនក្នុងទីក្រុង Tehran ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងអគារក្រសួងការពារជាតិ និងគោលដៅផ្សេងទៀតដែលរួមចំណែកដល់ការគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
អ៊ីរ៉ង់បានបញ្ជូនយន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីល ដើម្បីវាយប្រហារតំបន់ជាច្រើននៃប្រទេសអ៊ីស្រាអែល កាលពីយប់ថ្ងៃទី ១៤ មិថុនា គិតត្រឹមព្រឹកព្រលឹមថ្ងៃទី ១៥ ខែមិថុនា ម៉ោងក្នុងស្រុក ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារជាច្រើនក្នុងទីក្រុង Bat Yam ។ មនុស្សយ៉ាងតិច៦នាក់បានស្លាប់ ៧នាក់បាត់ខ្លួន និងជាង១០០នាក់រងរបួស។ នៅក្នុងទីក្រុង Tamra ភាគខាងជើងប្រទេសអ៊ីស្រាអែល ការខូចខាតក៏ត្រូវបានគេមើលឃើញយ៉ាងច្បាស់ ហើយមនុស្ស 4 នាក់ត្រូវបានសម្លាប់។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Arakchi បាននិយាយថា អ៊ីរ៉ង់មិនចង់ឱ្យជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រាលដាលដល់ប្រទេសជិតខាងឡើយ លុះត្រាតែស្ថានការណ៍បង្ខំ។ លោកបាននិយាយថា ការសងសឹករបស់អ៊ីរ៉ង់គឺគ្រាន់តែក្នុងការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់បរទេសប៉ុណ្ណោះ។ បើការឈ្លានពានបានបញ្ឈប់ អ៊ីរ៉ង់ក៏ឈប់ដែរ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ប្រសិនបើអ៊ីរ៉ង់វាយប្រហារអាមេរិកតាមមធ្យោបាយណាមួយនោះ វានឹងប្រឈមមុខនឹងការវាយប្រហារសងសឹកយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមក។ លោកបាននិយាយថា អាមេរិកអាចជួយអ៊ីស្រាអែល និងអ៊ីរ៉ង់បានយ៉ាងងាយស្រួលក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះបង្ហូរឈាម។ កន្លងមក អ៊ីរ៉ង់ធ្លាប់បានព្រមានអង់គ្លេស បារាំង និងអាមេរិកថា ប្រសិនបើពួកគេគាំទ្រអ៊ីស្រាអែល មូលដ្ឋានទ័ព និងកប៉ាល់របស់ពួកគេនៅក្នុងតំបន់ អាចត្រូវបានកំណត់ជាគោលដៅក្នុងការវាយប្រហាររបស់អ៊ីរ៉ង់។
ការិយាល័យប្រធានាធិបតីរុស្ស៊ីបានបង្ហើបថា មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយតាមទូរស័ព្ទជាមួយលោក Trump កាលពីថ្ងៃទី 14 ខែមិថុនា ដោយថ្កោលទោសការវាយប្រហាររបស់យោធាអ៊ីស្រាអែលលើអ៊ីរ៉ង់ និងសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការកើនឡើងនៃសង្គ្រាមកាន់តែធំ។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក៏បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអ៊ីស្រាអែល ដោយអំពាវនាវឱ្យប្រទេសទាំងពីរ ដោះស្រាយជម្លោះតាមរយៈការចរចា និងរកវិធីរស់នៅជាមួយគ្នាដោយសន្តិភាព។
អត្ថបទ៖ ហូរ មុនីវ័ន្ត