«មេដឹកនាំបារាំង» បដិសេធមិនបានប្រកែកជាមួយប្រពន្ធទេ គ្រាន់តែលេងសើច

មេដឹកនាំបារាំងបានបដិសេធថាមិនបានឈ្លោះជាមួយស្ត្រីទីមួយបារាំងទេបន្ទាប់ពីមានរូបថតគាត់ត្រូវរុញមុខលើយន្តហោះក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅវៀតណាម។

កាលពីថ្ងៃទី (២៧ ឧសភា ២០២៥) ករណីប្រធានាធិបតីបារាំង Emmanuel Macron ត្រូវបានស្ត្រីទីមួយ Brigitte Macron រុញមុខលើយន្តហោះផ្លូវការរបស់គាត់ភ្លាមៗ បន្ទាប់ពីមកដល់អាកាសយានដ្ឋានក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម ធ្វើឱ្យមេដឹកនាំបារាំងជំពប់ដួលបន្តិច មុននឹងងាកទៅលើកដៃស្វាគមន៍ចំពោះក្រុមអ្នកសារព័ត៍មាន និងប្រព័ន្ធផ្សព្វផ្សាយនានា។ បន្ទាប់ពីនោះ មេដឹកនាំបារាំង និងភរិយាបានចុះពីយន្តហោះ ប៉ុន្តែប្តីប្រពន្ធទាំងពីរមិនបានកាន់ដៃគ្នាឡើយ។

ការិយាល័យប្រធានាធិបតីបារាំងបានទទួលស្គាល់ថារូបថតដែលកំពុងត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាការពិត ហើយបាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងខណៈពេលដែលមេដឹកនាំបារាំងនិងភរិយារបស់គាត់កំពុងស្ថិតក្នុងឥរិយាបថសម្រាក មុនពេលចាប់ផ្តើមបេសកកម្មហើយបង្ហាញពីភាពស្និទ្ធស្នាលរបស់ពួកគេ។

មេដឹកនាំបារាំងបានបដិសេធចំពោះពាក្យចចាមអារ៉ាមនៃការឈ្លោះប្រកែកគ្នាដោយបញ្ជាក់ថាលោកមិនមានបញ្ហាអ្វីជាមួយភរិយាឡើយ ហើយបញ្ជាក់ថាឧបទ្ទវហេតុនេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាពីមហាជន។

ដំណើរទស្សនកិច្ចរបស់មេដឹកនាំបារាំងទៅកាន់ប្រទេសវៀតណាម ដែលជាដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ីអាគ្នេយ៍រយៈពេល 6 ថ្ងៃរបស់គាត់ បានឃើញប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានតម្លៃជាង 9 ពាន់លានអឺរ៉ូ (ឬស្មើនឹង 40,699,606.95 លានរៀល) ដែលគ្របដណ្តប់លើវិស័យដូចជាថាមពលនុយក្លេអ៊ែរ យោធា ការដឹកជញ្ជូនផ្លូវដែក ការដឹកជញ្ជូនតាមសមុទ្រ នាវាចរណ៍ផ្កាយរណប និងវ៉ាក់សាំង។

បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាម មេដឹកនាំបារាំងនឹងធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី ដែលលោកគ្រោងជួបអគ្គលេខាធិការអាស៊ាន។ បន្ទាប់មក លោកនឹងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់តំបន់របស់លោកក្នុងប្រទេសសិង្ហបុរី ជាកន្លែងដែលលោកនឹងចូលរួមសន្និសីទសន្តិសុខ Shangri-La Dialogue នៅថ្ងៃទី 30 ខែឧសភានេះ។

ប្រែសម្រួល៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *