កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ នេះបានធ្វើពិធីប្រគល់ទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្ត ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា ។ ពិធីនេះធ្វើឡើង នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
បើតាមលោក គ្រុយ ខន ប្រធានការិយាល័យគណនេយ្យសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងពិធីប្រគល់ទទួលថវិកា នៃ «យុទ្ធនាការមួយម៉ឺននាក់ មួយម៉ឺនរៀល» ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានាឱកាសនេះ គឺរដ្ឋបាលខេត្តទទួលបានថវិកាសរុបចំនួន ២៧០ លានរៀល ។
គួរបញ្ជាក់ផងដែរថា មូលនិធិគន្ធបុប្ផាកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស សំដៅធានាចីរភាព នៃកិច្ចដំណើរការរបស់ មន្ទីរពេទ្យគន្ធបុប្ផា ។