“Carney” ទទូចថាកាណាដាមិនមែនសម្រាប់លក់ទេវាយបកទៅ “Trump” ដោយសង្ឃឹមថានឹងបញ្ចូលកាណាដាឱ្យក្លាយជារដ្ឋទី 51 របស់សហរដ្ឋអាមេរិកក្នុងអំឡុងពេលកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរនៅសេតវិមាន។
កាលពីថ្ងៃទី 6 ខែឧសភា ឆ្នាំ 2025 នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានធ្វើទស្សនកិច្ចជាផ្លូវការនៅសេតវិមាន ដែលជាកន្លែងដែលគាត់ត្រូវបានស្វាគមន៍ដោយប្រធានាធិបតីអាមេរិក Donald Trump ដែលជាការកត់សម្គាល់ជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពី Carney បានឈ្នះការបោះឆ្នោតក្នុងខែមេសា។កន្លងមក មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារនៅលើ Truth Social ដោយបញ្ជាក់ថា លោកទន្ទឹងរង់ចាំជួបមេដឹកនាំកាណាដា ប៉ុន្តែលោកបានរំលឹកឡើងវិញថា លោកមិនគិតថា អាមេរិកត្រូវការរថយន្ត ថាមពល ឬឈើរបស់កាណាដានោះទេ ហើយបានចោទសួរពីការពឹងផ្អែករបស់កាណាដាមកលើសហរដ្ឋអាមេរិក។ក្នុងអំឡុងពេលកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរដែលបើកចំហចំពោះប្រព័ន្ធផ្សព្វផ្សាយ មេដឹកនាំអាមេរិកបានអបអរសាទរមេដឹកនាំកាណាដាដែលបានឈ្នះការបោះឆ្នោតដោយនិយាយលេងថា គាត់ជាផ្នែកមួយជួយ Carney ឈ្នះការបោះឆ្នោត ហើយគិតថានេះប្រហែលជារឿងល្អបំផុតដែលអាចកើតឡើងចំពោះ Carney ។ក្រៅពីនេះក៏មានការពិភាក្សាអំពីការបញ្ចូលកាណាដាឱ្យក្លាយជារដ្ឋទី 51 របស់សហរដ្ឋអាមេរិក ចំណែកមេដឹកនាំកាណាដាបានបញ្ជាក់បន្ថែមថា “កាណាដាមិនមែនសម្រាប់លក់ទេ” ហើយម្យ៉ាងទៀតកាណាដានឹងមិនមែនជារដ្ឋទី 51 របស់សហរដ្ឋអាមេរិកទេ។នាយករដ្ឋមន្ត្រីកាណាដាបាននិយាយបន្ទាប់ពីជំនួបជាមួយមេដឹកនាំអាមេរិកថា គ្មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងលើពន្ធពាណិជ្ជកម្មក្នុងអំឡុងពេលជួបជាមួយមេដឹកនាំអាមេរិកនោះទេ ហើយថាទាំងលោក និងលោក Trump មានការពិភាក្សាយ៉ាងទូលំទូលាយ និងក្នុងន័យស្ថាបនា ប៉ុន្តែក្នុងពេលជាមួយគ្នាត្រូវបានគេដឹងថាទាំងនេះជាការចរចាដ៏ស្មុគស្មាញមួយ។
“កាណាដា” គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់សហរដ្ឋអាមេរិកបន្ទាប់ពីម៉ិកស៊ិក និងជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ 2024 ដែលមានតម្លៃនាំចេញសរុបជាង 760 ពាន់លានដុល្លារ ខណៈដែលកាណាដាមានអតិរេកពាណិជ្ជកម្មចំនួន 63 ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិកនៅឆ្នាំ 2024 ។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត