កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ប្រទេសកម្ពុជា និងប្រទេសថៃបានបន្តកិច្ចប្រជុំកម្រិតខ្ពស់របស់គណៈកម្មការជាតិរួម (JBC) ស្តីពីបញ្ហាព្រំដែន នៅទីក្រុងភ្នំពេញ។ កិច្ចប្រជុំនេះស្ថិតនៅក្នុងបរិយាកាសល្អ បែបសន្តិភាព ដោយភាគីទាំងពីរបានពិភាក្សា និងប្តូរមតិយោបល់គ្នាយ៉ាងចំហរនិងស្មោះត្រង់។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក និកនដេត ផ្លាងគូន បានបញ្ជាក់ថា ថៃគាំទ្រការដោះស្រាយជម្លោះព្រំដែនតាមរយៈកិច្ចចរចាទ្វេភាគី ដោយប្រើយន្តការ JBC ជាជំហរដែលមានស្ថិរភាព ប្រសិទ្ធភាព និងសមស្របតាមច្បាប់អន្តរជាតិ និងបទដ្ឋានរបស់អង្គការសហប្រជាជាតិ។
ជាពិសេស លោកក៏បានបញ្ជាក់ថា ថៃមិនទទួលស្គាល់អំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការកាត់ក្ដីអំពីជម្លោះព្រំដែនជាមួយកម្ពុជានោះទេ ។
អ្នកនាំពាក្យថៃរូបនេះបានលើកឡើងបញ្ជាក់បន្ថែមថា ការសហការណ៍រវាងប្រទេសទាំងពីរមានសភាពជាក់ស្តែងមកហើយ ដូចជា ការសាងសង់ស្ពានមិត្តភាពថៃ–កម្ពុជា នៅភូមិណងអៀន–ស្ទឹងបត់ ដែលជាឧទាហរណ៍ស្រាប់នៃការដោះស្រាយបញ្ហាតាមវិធីសន្តិភាព តាមយន្តការទូត។
កិច្ចប្រជុំ JBC នេះនឹងបញ្ចប់នៅថ្ងៃស្អែក ហើយក្រសួងការបរទេសថៃនឹងរៀបចំសន្និសីទសារព័ត៌មានជាថ្មីម្ដងទៀត ដើម្បីសង្ខេបផ្លូវការនៃលទ្ធផលកិច្ចប្រជុំជូនសាធារណជនបានជ្រាបនៅពេលក្រោយ។
អត្ថបទ៖ ហូរ មុនីវ័ន្ត