“អ៊ីស្រាអែល” វាយប្រហារមូលដ្ឋាននុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ ដោយអះអាងថា រារាំងការអភិវឌ្ឍន៍អាវុធនុយក្លេ
អ៊ែរ និងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីត្រៀមវាយប្រហារសងសឹកពីអ៊ីរ៉ង់វិញ។
ថ្ងៃនេះ (ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2025) យោធាអ៊ីស្រាអែលបានបង្ហើបថា ខ្លួនបានវាយប្រហារគោលដៅដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងមូលដ្ឋានយោធា ដើម្បីរារាំងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅព្រឹកនេះ ម៉ោងក្នុងស្រុក។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីត្រៀមទប់ទល់នឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកពីប្រទេសអ៊ីរ៉ង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា នេះគឺជាពេលវេលាដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្ររបស់អ៊ីស្រាអែល។ ការវាយប្រហារនេះគឺជាផ្នែកមួយនៃប្រតិបត្តិការ “Rising Lion” ដោយផ្តោតលើទីតាំងដែលទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ និងយោធា រួមទាំងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដ៏សំខាន់របស់ប្រទេសអ៊ីរ៉ង់ផងដែរ។ លោកក៏បានបញ្ជាក់ដូច្នេះដែរ។
ការគម្រាមកំហែងពីអ៊ីរ៉ង់មានផលប៉ះពាល់យ៉ាងខ្លាំងដល់ការរស់រានមានជីវិតរបស់អ៊ីស្រាអែល ហើយប្រតិបត្តិការនេះនឹងបន្តជាច្រើនថ្ងៃទៀត។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានបើកការវាយប្រហារមុនគេ ព្រោះវារំពឹងថា អ៊ីរ៉ង់មានធនធានគ្រប់គ្រាន់សម្រាប់ផលិតអាវុធនុយក្លេអ៊ែរចំនួន ១៥ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា ការវាយប្រហារនេះបានបណ្តាលឱ្យស្លាប់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ ក៏ដូចជាទាហានជាន់ខ្ពស់មួយចំនួនទៀត។ ទន្ទឹមនឹងនោះគេបានបង្ហើបថា ផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានគេវាយប្រហារបណ្តាលឲ្យស្លាប់ក្នុងនោះមានកុមារផងដែរ។
នៅទីបំផុត រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសបិទដែនអាកាសរបស់ប្រទេសទាំងមូល រហូតដល់មានការជូនដំណឹងជាថ្មី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា អ៊ីស្រាអែលធ្វើសកម្មភាពឯកតោភាគី ហើយថា អាមេរិកមិនមានអ្វីពាក់ព័ន្ធនឹងការវាយប្រហារនោះទេ។ លោកបានព្រមានអ៊ីរ៉ង់កុំឲ្យតម្រង់គោលដៅលើកម្លាំងអាមេរិក។
ដូចគ្នាដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងបន្តដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ តាមរយៈការទូតបន្ថែមទៀត។
ប្រែសម្រួល៖ ហូរ មុនីវ័ន្ត