អ៊ីរ៉ង់បាញ់មីស៊ីល១០០គ្រាប់ទៀតក្រោយការវាយប្រហាររបស់អ៊ីស្រាអែល៤០ម៉ោងមិនឈប់


អ៊ីរ៉ង់បានបាញ់កាំជ្រួចច្រើនជាង 100 គ្រាប់ទៀត ទៅកាន់ប្រទេសអ៊ីស្រាអែល សំដៅទៅលើតំបន់ភាគខាងជើង បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារអ៊ីរ៉ង់អស់រយៈពេលជិត 40 ម៉ោងដោយមិនឈប់។

កាលពីយប់ថ្ងៃសៅរ៍ ទី 14 ខែមិថុនា ឆ្នាំ 2025 កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនបានរកឃើញមីស៊ីលជាច្រើនគ្រាប់ដែលបាញ់ចេញពីប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទឹកដីរបស់ខ្លួន។ ប្រព័ន្ធការពារកំពុងធ្វើការដើម្បីស្ទាក់ចាប់ការគំរាមកំហែង។ ជនស៊ីវិលត្រូវបានព្រមានឱ្យចូលទៅក្នុងតំបន់ការពារជាបន្ទាន់ ហើយស្នាក់នៅទីនោះរហូតដល់មានការជូនដំណឹងបន្ថែម។

IDF ក្រោយមកបានប្រកាសថា កម្លាំងទ័ពអាកាសរបស់ខ្លួនកំពុងវាយលុកគោលដៅយោធាក្នុងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ស្របជាមួយនឹងការស្ទាក់ចាប់មីស៊ីលដែលបាញ់ចូលមក។

ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ស៊ីរ៉ែនវាយឆ្មក់តាមអាកាសកំពុងបន្លឺឡើងនៅភាគខាងជើងនៃប្រទេស ហើយការផ្ទុះត្រូវបានឮនៅក្នុងទីក្រុង Haifa និង Kiryat ទោះបីជាវាមិនច្បាស់ថាតើមីស៊ីលទាំងនោះបានវាយប្រហារគោលដៅ ឬជាគ្រាប់បែកពីការស្ទាក់ចាប់នោះទេ។

បន្តិចក្រោយមក ទូរទស្សន៍អ៊ីរ៉ង់បានរាយការណ៍ថា យោធាបានបាញ់មីស៊ីលជាង 100 គ្រាប់ទៅកាន់អ៊ីស្រាអែល។ នេះគឺជារលកទីពីរនៃការវាយប្រហារនៅក្នុងប្រតិបត្តិការ True Promise 3 ដែលមានគោលដៅសំខាន់គឺទីក្រុង Haifa និង Tel Aviv ។

ភ្នាក់ងារសេវាសង្គ្រោះបន្ទាន់ Medan David Adom (MDA) របស់អ៊ីស្រាអែល បានបញ្ជាក់ថា ខ្លួនមិនបានទទួលការហៅទូរសព្ទបន្ទាន់ណាមួយអំពីការរងរបួស ឬស្លាប់នោះទេ ប៉ុន្តែមានរបាយការណ៍អំពីការខូចខាតជាច្រើននៅតំបន់ឆ្នេរ និងភាគខាងជើងនៃប្រទេស រួមទាំងកំទេចកំទីដែលធ្លាក់ពីលើអគារលំនៅដ្ឋាន និងភ្លើងឆេះ។

ការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់កើតឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់ IDF លោក Effie Devrin បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា កងកម្លាំងអាកាសអ៊ីស្រាអែលនៅតែធ្វើការវាយប្រហារតាមអាកាសលើតំបន់ដ៏ធំមួយរបស់ប្រទេសអ៊ីរ៉ង់ ។

លោក Devrin បាននិយាយថា “ការវាយប្រហារបានបន្តអស់រយៈពេលជិត 40 ម៉ោង ដោយបានវាយប្រហារទៅលើគោលដៅជាង 150 ។ ក្នុងរយៈពេល 24 ម៉ោងកន្លងមក ការវាយប្រហារបានផ្តោតលើទីក្រុង Tehran” ដោយបន្ថែមថា គោលដៅគឺជាតំបន់ក្រោមដីនៅភាគខាងលិចប្រទេសអ៊ីរ៉ង់ ដែលត្រូវបានប្រើសម្រាប់ផ្ទុក និងបាញ់បង្ហោះកាំជ្រួចពីដី និង កាំជ្រួច Cruise ។

រដ្ឋាភិបាលក្នុងតំបន់នៃខេត្ត East Azerbaijan របស់អ៊ីរ៉ង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស 31 នាក់នៅក្នុងខេត្តនេះ រួមទាំងបុគ្គលិកយោធា 30 នាក់ និងសមាជិកអឌ្ឍចន្ទក្រហមម្នាក់ និងរបួស 55 នាក់។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថាមនុស្ស 60 នាក់បានស្លាប់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានវាយប្រហារអគារមួយក្នុងទីក្រុងតេអេរ៉ង់។ រដ្ឋាភិបាលអ៊ីស្រាអែលមិនទាន់បញ្ជាក់ពីចំនួនអ្នកស្លាប់ជាផ្លូវការនៅឡើយទេ។

អត្ថបទ៖ ហូរ មុនីវ័ន្ត

ចែករំលែក

Leave a Reply

Your email address will not be published. Required fields are marked *