ដោយ: RT News
នៅចុងក្រោយនេះ ក្រសួងការបរទេសថៃ បានធ្វើការចោទប្រកាន់ទាំងគឃ្លើនថា កម្ពុជា ខ្វះឆន្ទៈពិតប្រាកដនៅក្នុងការប្រើយន្តការចរចាទ្វេភាគី ក្នុងការដោះស្រាយបញ្ចប់វិវាទព្រំដែននៅតំបន់ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកំពុងបន្តកើតមានរវាងប្រទេសទាំងពីរ ខណៈដែលកងទ័ពភូមិភាគ២ របស់ថៃ បានប្រកាសក្ដែងៗថា ខ្លួនមិនគោរព ឬ ទទួលស្គាល់ផែនទីរបស់កម្ពុជា ជាដាច់ខាត ពោលគឺទទួលស្គាល់តែផែនទីដែលថៃបានគូរជាឯកតោភាគីតាមអំពើចិត្តរបស់ខ្លួនប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ បាងកក ប៉ុស្ដិ៍ កាលពីថ្ងៃចន្ទ ទី១៦ ខែមិថុនា 2025នេះ។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេច បាឡានគូរ៉ា (Nikorndej Balankura) បានលើកឡើងថា កិច្ចប្រជុំរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ រយៈពេល២ថ្ងៃជាប់គ្នានៅរាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅបានឆ្លុះបញ្ចាំងឱ្យឃើញថា ប្រទេសថៃ មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ចប់វិវាទព្រំដែនដើម្បីការពារផលប្រយោជន៍របស់ប្រទេសជិតខាងទាំងពីរតាមរយៈយន្តការចរចាទ្វេភាគី។
ប៉ុន្តែទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសថៃ រូបនេះបែរជាចោទប្រកាន់មកលើកម្ពជាថា កម្ពុជា គ្មានឆន្ទៈពិតប្រាកដដើម្បីបញ្ចប់វិវាទព្រំដែនតាមរយៈយន្តការទ្វេភាគីនោះឡើយ ហើយបែរជាជ្រើសរើសដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទៅវិញ ហើយអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ប្រទេសថៃ មិនដែលទទួលស្គាល់យុត្តាធិការនៃតុលាការយុត្តិធម៌អន្តរជាតិ ICJ តាំងពីឆ្នាំ១៩៦០ មកម៉្លេះ។
អ្នកនាំពាក្យរូបនេះថែមទាំងបាននិយាយទៀតថា ភាគីថៃ ពិតជាខកចិត្តខ្លាំងណាស់ចំពោះកម្ពុជា ដែលមិនគួរណាកម្ពុជា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេ ព្រោះវិវាទព្រំដែនរវាងប្រទេសទាំងពីរត្រូវបានដាក់បញ្ចូលទៅក្នុងក្របខណ្ឌរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ រួចទៅហើយ៕