រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៥ សិក្ខាសាលាអំពី “ឱកាសអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចំនួន ៦០ កន្លែង” នៅឯសាលាប៊ែលធីអន្តរជាតិសាខាទី៩ សាខាស្ទឹងមានជ័យ ត្រូវបានប្រព្រឹត្តឡើង។
ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងសាខា បានចូលរួមថ្លែងនូវសន្ទរកថាសំណេះសំណាលលើកទឹកចិត្តសិស្សានុសិស្សគ្រប់រូបក្នុងការខិតខំរៀនសូត្ររួមជាមួយការបង្កើតគម្រោងសិក្សានាពេលអនាគត ទន្ទឹមនឹងនេះផងដែរលោក ចូវ ជាំង ដែលជានាយកសាលា ស្ទេប ហ្វរវើដ អឺប្រដ ស្កូរឡាស៊ីប អេន ខនសាលធីន ក៏បានផ្តល់នូវបទបង្ហាញស្តីពីបទពិសោធន៍ការរស់នៅ និងការសិក្សាថ្នាក់បរិញ្ញាបត្រនៅឯសាកលវិទ្យាល័យចិន ហើយលោកព្រមទាំងនាំមកជាមួយនឹងបទបង្ហាញពីការចម្អិនម្ហូបចិន “គាវ” ដើម្បីផ្សារភ្ជាប់នូវអត្ថន័យវប្បធម៌ក្នុងប្រទេសទាំងពីរ។
បន្ទាប់ពីបានបញ្ចប់សិក្ខាសាលានេះ ថ្នាក់ដឹកនាំរបស់ស្ទេប ហ្វរវើដ អឺប្រដ ស្កូរឡាស៊ីប អេន ខនសាលធីន មានសង្ឃឹមយ៉ាងខ្ពង់ខ្ពស់ថាសិស្សានុសិស្សកម្ពុជានឹងឱកាសបានចេញទៅបន្តការសិក្សានៅ សាធារណៈរដ្ឋប្រទេសចិនដើម្បីយកចំណេះជំនាញ មកកសាងប្រទេសឲ្យបានកាន់តែប្រសើរជាងមុន។