ស្ថានភាពភ្លើងឆេះព្រៃនៅតំបន់ឧទ្យានជាតិ Grand Canyon រដ្ឋ Arizona រហូតមកដល់ពេលនេះ អាជ្ញាធរនៅតែមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ ភ្លើងឆេះព្រៃ២កន្លែង ឆេះបំផ្លាញផ្ទៃដីរាប់សែនហិចតា។ អាជ្ញាធរបានបញ្ជាឱ្យជម្លៀសប្រជាជន។ បច្ចុប្បន្ននេះមិនមានរបាយការណ៍ពីអ្នករងរបួសទេ។
ភ្លើងឆេះព្រៃដំបូងគេហៅថា “Dragon Bravo Fire” គឺជាភ្លើងឆេះព្រៃនៅគែមខាងជើងនៃឧទ្យាន។ វាបានឆេះនៅចន្លោះថ្ងៃសុក្រ និងថ្ងៃអាទិត្យ។ ភ្លើងឆេះព្រៃនៅចំណុចនេះ បានធ្វើឱ្យមន្ត្រីជំនាញជម្លៀសប្រជាជន និងអ្នកទេសចរចេញពីតំបន់ក្បែរនោះ ខណៈដែលពួកគេត្រូវពន្លត់ភ្លើងយ៉ាងឆាប់រហ័ស និងវាយតម្លៃសុវត្ថិភាព បន្ទាប់ពីឧស្ម័នក្លរីនបានលេចធ្លាយចេញពីរោងចក្រប្រព្រឹត្តិកម្មទឹកក្នុងតំបន់នោះ។
ភ្លើងឆេះព្រៃបានឆាបឆេះផ្ទៃដីជាង 14,000 ហិចតា ដោយបានបំផ្លាញសំណង់រាប់សិបកន្លែង រួមទាំងកាប៊ីនចាស់ៗជាច្រើន និង Grand Canyon Lodge ដែលជាកន្លែងស្នាក់នៅតែមួយគត់នៅក្នុងឧទ្យាន។ នៅភាគខាងជើងនៃឧទ្យាន ផ្លូវឡើងភ្នំ និងកន្លែងបោះជំរុំទាំងអស់ត្រូវបានបិទ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភ្លើងឆេះព្រៃនៅក្នុងតំបន់នេះបានចាប់ផ្តើមបន្ទាប់ពីមានរន្ទះបាញ់កាលពីថ្ងៃទី 4 ខែកក្កដា។ រហូតមកដល់ពេលនេះ សំណង់ដែលនៅតាមបណ្ដោយខ្សែភ្លើងប្រហែល 50 ទៅ 80 ទីតាំងត្រូវបានឆេះ។
ភ្លើងមួយទៀតគឺ White Sage Fire បានផ្ទុះឡើងកាលពីថ្ងៃទី 9 ខែកក្កដា បន្ទាប់ពីមានផ្គររន្ទះបានបោកបក់ពេញតំបន់នោះ។ វាបានដុតបំផ្លាញផ្ទៃដីជាង 100,000 ហិចតានៅក្នុង Kaibab National Forest និងបង្ខំមនុស្សរាប់រយនាក់ឱ្យជម្លៀសចេញ។ ភ្លើងទាំងពីរទីតាំងនៅតែមិនអាចគ្រប់គ្រងបាននៅឡើយ។
រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ពីអ្នករបួសពីភ្លើងឆេះព្រៃនេះទេ។ អភិបាលរដ្ឋ Arizona បានថ្លែងអំណរគុណដល់មន្ត្រីដែលបានឆ្លើយតបទៅនឹងអគ្គីភ័យ ប៉ុន្តែបានអំពាវនាវឱ្យរដ្ឋាភិបាលសហព័ន្ធស៊ើបអង្កេតការឆ្លើយតបរបស់ឧទ្យានជាតិចំពោះអគ្គីភ័យនេះ។
អត្ថបទដោយ៖ ហូរ មុនីវ័ន្ត