ចរិតមិនថ្លៃថ្នូររបស់ផ្ទះលេខ២ ស្ដែងឱ្យពិភពលោកឃើញតែច្បាស់តាមរយៈទង្វើកំសាកញីដ៏ថោកទាបរបស់ទាហានឈុតខ្មៅថៃ ដែលលួចវាយទាហានខ្មែរ កណ្ដាលចំណោមភ្ញៀវទេសចរ

នៅវេលាម៉ោងប្រមាណជាង ១០ ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ ទាហានឈុតខ្មៅថៃ ដ៏កំសាកញីម្នាក់បានលួចវាយទាហានខ្មែរ កណ្ដាលចំណោមមនុស្ស ធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករដែលទៅទស្សនានៅប្រាសាទបុរាណខ្មែរ គឺប្រាសាទតាមាន់ធំ ផ្អើលឆោឡោ និងហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើដ៏សែនថោកទាបរបស់ទាហានឈុតខ្មៅថៃ ខាងលើដែលមិនស័ក្ដិសមជាកងទ័ពនៃប្រជាជាតិស៊ីវិល័យមួយនោះឡើយ។

ទង្វើដ៏លាមកខ្វះការប្រដៅអប់រំដែលចាប់បានស្រស់ៗតាមរយៈវីដេអូឃ្លីបខ្លីមួយ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ និងធ្វើឱ្យពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេសមានអារម្មណ៍ក្ដៅក្រហាយ និងឈឺចាប់យ៉ាងខ្លាំងនេះ ឆ្លុះបញ្ចាំងឱ្យពិភពលោកឃើញកាន់តែច្បាស់ពីចរិតមិនថ្លៃថ្នូរនៃជាតិសាសន៍ផ្ទះលេខ២ ដូចសុភាសិតបុរាណខ្មែរ មួយឃ្លាថា “សម្ដីសរជាតិ មារយាទសរពូជ”។ ជាការពិតណាស់ ថៃ តែងតែចិញ្ចឹមតែទុច្ចរិត គំនិតលាមក ប្រមាថខ្មែរ ជិះជាន់ខ្មែរ បង្ករឿងជាមួយខ្មែរ ចោទប្រកាន់ខ្មែរ យ៉ាងអយុត្តិធម៌ លួចប្លន់អ្វីៗដែលជារបស់ខ្មែរ មិនថាវប្បធម៌ និងទឹកដី ហើយឈ្លានពានខ្មែរ ឥតឈប់ឈរ។

ក្រោយផ្ទុះហេតុការណ៍នឹកស្មានមិនដល់នេះ កងទ័ពកម្ពុជា ដែលប្រចាំការនៅលើប្រាសាទតាមាន់ បានតវ៉ា និងប្រតិកម្មទៅមេបញ្ជាការទាហានថៃ ហើយទាហានថៃ ក៏បាននាំជនបង្កថោកទាបនេះមកសុំទោសកងទ័ពខ្មែរ ក្រោយពេលភ្ញៀវទេសចរចាកចេញពីប្រាសាទ។

ហើយដើម្បីលាងខ្លួន ក្រសួងការពារជាតិថៃ បានចេញសេចក្ដីបំភ្លឺនៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ដដែលថា ជនបង្កគឺជាអតីតទាហានឈុតខ្មៅថៃ ហើយទង្វើរបស់ជននេះគឺជារឿងផ្ទាល់ខ្លួន មិនពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់កទ័ពថៃ នោះឡើយ ហើយថា ក្រសួងការពារថៃ កំពុងអនុវត្តតាមនីតិវិធីច្បាប់បន្តទៀតដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍នេះរីករាលដាល និងប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ទោះជាយ៉ាងណា ការបំភ្លឺរបស់ក្រសួងការពារជាតិថៃ គឺមិនអាចទទួលយកបានឡើយ និងជាការបំភ្លឺទាំងបំពានការពិត ព្រោះពេលធ្វើសកម្មភាព ជនបង្កស្ថិតក្នុងឯកសណ្ឋានទាហានឈុតខ្មៅថៃ យ៉ាងច្បាស់ក្រឡែត ហើយនេះឆ្លុះបញ្ចាំងឱ្យឃើញថា ថៃ ជាជាតិសាសន៍ដែលក្រឡេច
ក្រឡុចទុកចិត្តមិនបានទាំងរាស្ត្រ ទាំងមន្ត្រី ទាំងថ្នាក់ដឹកនាំប្រទេសដែលនិយាយបាតដៃ ខ្នងដៃ ស៊ីញ៉េនឹងដៃ លុបនឹងជើង ស្ដាប់គ្នាមិនបានប្រៀបដូចមនុស្សសេពគ្រឿងញៀនបែកថ្នាំ។

គួររំឭកថា ថ្មីៗនេះចៅហ្វាយខេត្តនគររាជសីម៉ា ប្រទេសថៃ បានបញ្ជាឱ្យមន្រ្តីសាលាខេត្តចំនួន២០០នាក់ធ្វើតេស្តរកសារធាតុញៀនដើម្បីបង្ហាញពីភាពស្អាតស្អំរបស់មន្ត្រី ហើយលទ្ធផលបានរកឃើញចង់ដាច់ផ្ងារថា ក្នុងចំណោមមន្ត្រី២០០នាក់ដែលតេស្តរកសារធាតុញៀន គឺមានរហូតដល់ទៅ១៦៧ នាក់មានផ្ទុកសារធាតុញៀនក្នុងខ្លួនរួមទាំងថ្នាក់ដឹកនាំមូលដ្ឋានផងដែរ។ នេះបើយោងតាមការចុះផ្សាយយរបស់កាសែតថៃ Bangkok Post កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០២៥។

កន្លងមក ខណៈដែលជម្លោះព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹង ក្រោយពីទាហានថៃ បានលួចបាញ់ប្រហារទាហានខ្មែរ ដល់លេណដ្ឋានបណ្ដាលឱ្យទាហានខ្មែរ ម្នាក់ពលីជីវិតកាលពីថ្ងៃទី២៨ ខែឧសភា ខាងភាគីថៃ បានបន្តរករឿងខ្មែរ ឥតឈប់ឈរក្រោមរូបភាពផ្សេងៗគ្នា ដោយបានគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិតដល់កម្ពុជា បន្ទាប់មកបានគំរាមឈប់លក់ប្រេងឥន្ធនៈ និងហ្គាសឱ្យកម្ពុជា ក្នុងគោលបំណងឱ្យកម្ពុជា ចុះញ៉ម។ ប៉ុន្តែការគំរាមរបស់ចោរសៀម បានបរាជ័យទាំងអស់ ព្រោះកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកាត់ផ្ដាច់មុន ធ្វើឱ្យចោរសៀម ខកចិត្តស្អិតទ្រូង ដ្បិតខាតបង់ពាណិជ្ជកម្មជាមួយកម្ពុជា ក្នុងទំហំច្រើនពាន់លានដុល្លារអាម៉េរិក។

ទាក់ទិននឹងហេតុការណ៍ទាហានឈុតខ្មៅថៃ លួចវាយទាហានខ្មែរ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ ព្រមទាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្ហោះលើគណនីហ្វេសប៊ុករបស់លោកកាលពីល្ងាចថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ថា កម្ពុជា នឹងមិនចាញ់ល្បិចកលរបស់សៀម ឡើយ ហើយនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ថា តើទង្វើស្រដៀងៗគ្នាបែបនេះនឹងបន្តកើតឡើងទៀតឬយ៉ាងណា។ ហើយប្រសិនបើទង្វើបែបនេះនឹងកើតមានបន្តទៀត យើង និងពិភពលោកនឹងតាមដានយ៉ាងយកចិត្តទុកដាក់ ហើយវិនិច្ឆ័យលើសកម្មភាពឈ្លានពាន ឬ បង្ករឿងមកលើកម្ពុជា និងប្រជនខ្មែរ។

ទន្ទឹមនេះ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើល សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមក្នុងប្រវត្តិសាស្ត្របានទម្លាយអាថ៍កំបាំងដ៏ធំមួយនៅលើគណនីផ្លូវការរបស់សម្ដេចកាលពីថ្ងៃអាទិត្យ ទី១៣ កក្កដា ទាក់ទិននឹងលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវជាឪពុកបង្កើតរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផៃថងថាន ស៊ីណាវ៉ាត់ត្រា ដែលត្រូវព្យួរតំណែងក្រោយបែកធ្លាយសារសំឡេងសន្ទនាជាមួយសម្ដេចតេជោ យ៉ាងដូច្នេះ​ថា “ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ចឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសម្បុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់ និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃ ចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតម៉ិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង”។

សម្ដេចបានបន្ថែមទៀតថា “របាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែនរវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃ គឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលប់ចេញពីតំបន់ត្រីកោណមាស។ ដូច្នេះខ្ញុំសូមឱ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជា តែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសម្បុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់”៕

ដោយ៖ RT News

ចែករំលែក

About Ho Monyvant

RT News ជាអង្គភាពសារព័ត៌មានឯករាជ្យមួយ ដែលមានបេសកកម្មផ្ដល់ព័ត៌មាន យោបល់ និងការវិភាគដ៏ជាក់ស្តែង សម្រាប់បំពេញតម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដោយមានមូលដ្ឋានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា RT News បានប្តេជ្ញាថា នឹងផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ ដែលមានគុណភាព និងស្តង់ដារផ្នែកសារព័ត៌មាន ព្រមទាំងគោរពច្បាប់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មាន RT News ផ្ដល់សេវាផ្សព្វផ្សាយព័ត៌មានជាចម្បងក្នុងមាតិកាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។ មាតិការបស់យើងរួមមាន៖ - ព័ត៌មានប្រចាំថ្ងៃ (ជាតិ និងអន្តរជាតិ) - ការវិភាគនយោបាយ - សេដ្ឋកិច្ច និងសង្គម - វប្បធម៌ និងបច្ចេកវិទ្យា - សន្ទស្សន៍និងសម្ភាសន៍ជាមួយតួអង្គសំខាន់ៗ យើងអោយនិយមន័យថា “ព័ត៌មានគួរឱ្យជឿទុកចិត្ត គឺជាគ្រឿងចាំបាច់សម្រាប់សង្គមប្រកបដោយសេរីភាព និងសន្ដិភាព”។ សូមអរគុណដែលបានជឿជាក់ និងគាំទ្រ RT News — កន្លែងផលិតព័ត៌មានជាក់ស្តែងនិងស្មោះត្រង់ជានិច្ច។ 📍 ចូលរួមជាមួយយើង៖ https://www.rtnewsdaily.com/ 📩 ទំនាក់ទំនង៖ monyvantiso@gmail.com 📱 បណ្ដាញសង្គម៖ Facebook | Telegram | YouTube

View all posts by Ho Monyvant →

Leave a Reply

Your email address will not be published. Required fields are marked *