នៅថ្ងៃទី ១៤ ខែកក្កដា ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានថ្លែងថា ប្រទេសជាច្រើន “មិនសប្បាយចិត្ត” បន្ទាប់ពីអាមេរិកបន្ថែមពន្ធនាំចូល ៣០% លើទំនិញពីសហភាពអឺរ៉ុប និងម៉ិកស៊ិក។ លោក Trump អះអាងថាប្រទេសទាំងនេះបានទាញយកប្រយោជន៍ពីសហរដ្ឋអាមេរិកជាយូរឆ្នាំមកហើយ ឥឡូវនេះគួរតបស្នងវិញម្ដង។
ក្នុងពេលដដែលសហភាពអឺរ៉ុបបានប្រកាសពន្យារពេលវិធានការសងសឹករហូតដល់ថ្ងៃទី ១ ខែសីហា ដោយថា ជម្រើសសំខាន់បច្ចុប្បន្នគឺការចរចា។ ប្រធានគណៈកម្មការអឺរ៉ុបលោក Ursula von der Leyen បានបញ្ជាក់ថា EU មិនចង់បើកសង្គ្រាមពាណិជ្ជកម្មទេ ប៉ុន្តែ “ត្រៀមខ្លួនរួចរាល់” ប្រសិនបើចាំបាច់។
អាល្លឺម៉ង់ និងបារាំងក៏បានបង្ហាញការព្រួយបារម្ភថាពន្ធថ្មីនេះអាចប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារនៅអឺរ៉ុប។ មេដឹកនាំអាល្លឺម៉ង់លោក Friedrich Merz និងប្រធានាធិបតីបារាំង Emmanuel Macron ទាំងពីរបានអំពាវនាវឱ្យ EU ស្វែងរកដំណោះស្រាយមិនប្រើកម្លាំង តែខ្លាំងដែរ។ ពួកគេក៏លើកឡើងថា EU មិនគួរចាប់ផ្ដើមវិធានការតបត មុនថ្ងៃកំណត់ដែរ។
ខាងអាមេរិក លោក Trump បានអះអាងថាពន្ធថ្មីនឹងនាំឱ្យប្រាក់ចំណូលរដ្ឋបាលកើនឡើង និងជួយកែសម្រួលឱនភាពពាណិជ្ជកម្មជាមួយ EU ដែលសព្វថ្ងៃចំណូលរបស់ EU ជាង 236 ពាន់លានដុល្លារ។ ក្នុងចំណោមសមាជិក EU ប្រទេសអៀរឡង់មានចំណូលខ្ពស់បំផុត ដោយសារជាទីតាំងក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកនៅទីនោះ។
ផ្នែកម៉ិកស៊ិកនោះ ក្រសួងការបរទេសនិយាយថាពន្ធ ៣០% របស់អាមេរិកគឺ “អយុត្តិធម៌” និងរំលោភអធិបតេយ្យភាព។ ប្រធានាធិបតីម៉ិកស៊ិកលោក Claudia Sheinbaum បញ្ជាក់ថានឹងបន្តចរចាជាមួយរដ្ឋបាល Trump ដើម្បីរកដំណោះស្រាយមុនពេលពន្ធថ្មីចូលជាធរមាននៅថ្ងៃទី ១ ខែសីហា។
ម៉ិកស៊ិកជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាមេរិក ដោយជិត ៨០% នៃការនាំចេញរបស់ខ្លួនទៅទីផ្សារអាមេរិក។
អ្នកវិភាគបានព្រមានថា ប្រសិនបើការសងសឹកផ្ទុះឡើង នោះអាចជារបួសធ្ងន់ចំពោះសេដ្ឋកិច្ចអឺរ៉ុប។ សង្គ្រាមពាណិជ្ជកម្មគ្មានអ្នកឈ្នះ និងអាចជារបាំងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយពេលបញ្ចប់វិបត្តិ COVID-19។
________________________________________
✍️ អត្ថបទដោយ៖ ហូរ មុនីវ័ន្ត