បាបកម្មមានពិត ឬ ទេវតាមានភ្នែកដែលសារព័ត៌មានថៃ Khaosod បានចុះផ្សាយក្ដៅៗនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ពោលគឺនៅមុននេះបន្តិចថា ទាហានថៃ ចំនួន ៣ នាក់បានដើរជាន់មីនបណ្ដាលឱ្យរងរបួសធ្ងន់ ដោយក្នុងនោះមានម្នាក់បានដាច់ជើងម្ខាង។
គ្រោះថ្នាក់ជាន់មីនផ្ទះនេះបានកើតមានឡើង ខណៈដែលទាហានថៃ ៣ នាក់ខាងលើកំពុងដើរល្បាតទន្ទ្រាននៅតាមព្រំដែនជាប់ប្រទេសកម្ពុជា។
មេទ័ពភូមិភាគ២ របស់ថៃ ប៊ូនស៊ីន ផាត់ក្លាង (Boonsin Phadklang) ដែលល្បីខាងរករឿងកម្ពុជា និងព្រហើនចង់វាយកម្ទេចកម្ពុជា បានទម្លាយប្រាប់កាសែតថៃ ឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឧប្បត្តិហេតុនេះកើតឡើងនៅចំណុចភូមិសាស្ត្រក្នុងស្រុកណាំយឿន ខេត្ត Ubon Ratchathani ជាប់ព្រំដែនខេត្តឧត្តរមានជ័យ របស់កម្ពុជា។
មេទ័ពភូមិភាគ២ របស់ថៃ ប៊ូនស៊ីន ផាត់ក្លាង (Boonsin Phadklang) បានអះអាងថា គ្រាប់មីនដែលទាហានថៃ ទាំង ៣ ខាងលើជាន់នោះគឺជាគ្រាប់មីនដែលសល់ពីសម័យសង្គ្រាម។
សូមបញ្ជាក់ថា ទាហានថៃ ដែលរបួសធ្ងន់ដាច់ជើងម្ខាងមានឈ្មោះថា Thanapat Huiwan ចំណែកឯទាហាន ២ នាក់ទៀតដែលមានឈ្មោះថា Patipat Silasak និងឈ្មោះ Nattawut Srikhem បានរងរបួសដោយមានអាការៈឈឺចុកចាប់ក្នុងទ្រូង និងហឹងត្រចៀក ប៉ុន្តែជាសំណាងល្អ គ្មានអ្នកណាម្នាក់គ្រោះថ្នាក់ដល់ជីវិត៕ អត្ថបទដោយ៖ RT News