ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ប្រកាសដាក់ពន្ធគយបន្ថែម១០%លើប្រទេសណាដែលអនុវត្ត ឬ សម្របខ្លួនតាមគោលនយោបាយប្រឆាំងសហរដ្ឋអាម៉េរិក នៃប្លុកប្រទេស BRICS ដែលរួមមានសមាជិកស្ថាបនិកសំខាន់ៗដូចជាប្រេស៊ីល រុស្ស៊ី ចិន ឥណ្ឌា អាហ្វ្រិកខាងត្បូង និងសមាជិកថ្មីៗដូចជាអារ៉ាប៊ីសាអូឌីត អេហ្ស៊ីប អារ៉ាប់រួម អេត្យូពី ឥណ្ឌូនេស៊ី និងអ៊ីរ៉ង់ ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ការព្រមានរបស់លោក ដូណាល់ ត្រាំ នេះធ្វើឡើងតាមរយៈសំណេរបង្ហោះលើបណ្តាញ Truth Social កាលពីថ្ងៃអាទិត្យ ទី៦ កក្កដា ខណៈប្លុកប្រទេស BRICS កំពុងកោះប្រជុំកំពូលនៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
នៅក្នុងកិច្ចប្រជុំកំពូលនេះ ប្លុកប្រទេស BRICS បានរិះគន់ការវាយប្រហារដោយយោធាទៅលើអ៊ីរ៉ង់ និងសកម្មភាពយោធារបស់អ៊ីស្រាអែល ប៉ុន្តែមិនបានបញ្ចេញចំឈ្មោះលោក ដូណាល់ ត្រាំ នោះទេ ហើយក៏មិនបានរិះគន់ប្រទេសរុស្ស៊ី នោះឡើយ។
ទន្ទឹមនេះ លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាម៉េរិក នឹងចាប់ផ្ដើមចេញលិខិតជាផ្លូវការនៅថ្ងៃច័ន្ទ ទី៧ កក្កដា នេះដើម្បីបញ្ជាក់ពីអត្រាពន្ធសម្រាប់ប្រទេសនីមួយៗ៕