ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអ
ធិបតីភាពក្នុងពិធីលែងកូនត្រី និងត្រីមេពូជអបអរសាទរ “ទិវាមច្ឆជាតិ” ០១ កក្កដា ឆ្នាំ២០២៥ នៅអាងទឹកធម្មជាតិទំនប់រនេស ភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
នៅក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្ដមសេនីយ៍ ឧត្ដមអគ្គានុរក្ស វរសេនីយ៍ ស្នងការ មេបញ្ជាកាលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក មេឃុំ ចៅសង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន យុវនារី ប្រជាពលរដ្ឋជាច្រេីនកុះករ។
ក្នុងគោលបំណងបំផុសគំនិត និងស្មារតីរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ក្នុងការចូលរួមចំណែកគាំទ្រ ការពារ អភិរក្ស និងអភិវឌ្ឍលើវិស័យជលផល ក្នុងទិសដៅធានាបាននូវនិរន្តរភាពនៃធនធានជលផល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាតិ និងធានាបាននូវនិរន្តរភាពបរិស្ថាន នៅក្នុងពិធីលែងកូនត្រី និងត្រីមេពូជដើម្បីអបអរសាទរខួបទី២០ នៃ “ទិវាមច្ឆជាតិ” ០១ កក្កដា នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន ៩ ចំណុចរួមមាន៖
ទី១៖ ការពារដីព្រៃសាធារណៈ ទប់ស្កាត់ការទន្ទ្រានយកដីព្រៃកោងកាង និងដីក្នុងដែននេសាទសហគមន៍ បង្កើនការដាំព្រៃកោងកាងវិញ។
ទី២៖ គាំទ្រសហគមន៍នេសាទ ផ្ដល់បច្ចេកទេស និងធនធាន ដើម្បីពង្រឹងការគ្រប់គ្រងធនធាន និងជំរុញទេសចរណ៍ធម្មជាតិជាមួយសហគមន៍នេសាទ។
ទី៣៖ គ្រប់គ្រងធនធានទឹក សហការជាមួយអាជ្ញាធរដើម្បីពង្រីកសមត្ថភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលឱ្យបានកាន់តែច្រើន និងស្តារអាងទឹកសម្រាប់ត្រី។
ទី៤៖ អភិវឌ្ឍវារីវប្បកម្មជំរុញការចិញ្ចឹមត្រីគ្រប់ ប្រភេទ បង្គា បង្កង និងការកែច្នៃផលវារីវប្បកម្មប្រកបដោយគុណភាព សុវត្ថិភាព ព្រមទាំងផ្ដល់វិញ្ញាបនបត្របញ្ជាក់ពីការអនុវត្តវារីវប្បកម្មល្អ និងការអនុវត្តអនាម័យល្អដល់វារីវប្បករ។
ទី៥៖ ទប់ស្កាត់បទល្មើសជលផល បង្រ្កាបឧបករណ៍ឆក់ត្រី និងសកម្មភាពខុសច្បាប់ដោយសហការជាមួយរដ្ឋបាលជលផល និងសមត្ថកិច្ចជំនាញ។
ទី៦៖ បន្តគ្រប់គ្រងដែនអភិរក្សធនធានជលផលរក្សាជម្រកមេត្រីពូជគ្រប់ប្រភេទ និងជីវចម្រុះ ដោយពង្រឹងការផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍។
ទី៧៖ ហាមឧបករណ៍ឆក់ត្រី មិនអនុញ្ញាតឱ្យផលិត ទុក ដឹកជញ្ជូន ឬ លក់ឧបករណ៍ឆក់ត្រីគ្រប់ប្រភេទ។ អ្នករាយការណ៍ត្រូវបានការពារពីអជ្ញាធរ ប៉ុន្តែអ្នកបំពានច្បាប់នឹងត្រូវផ្ដន្ទាទោសតាមច្បាប់។
ទី៨៖ ជំរុញការចូលរួមរបស់ ពលរដ្ឋ បង្កើនការផ្សព្វផ្សាយអប់រំ និងជំរុញការចូលរួមពីប្រជាពលរដ្ឋ ថែរក្សាធនធានជលផល ដោយប្រើឧបករណ៍ស្របច្បាប់ដើម្បីធានានិរន្តរភាពសន្តិសុខស្បៀង និងចៀសវាងពីការប្រើប្រាដ់ឧបករណ៍ខុសច្បាប់នានា ក្នុងមូលដ្ឋានខេត្តកែប។
ទី៩៖ ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៖ ប្រើយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសលើបញ្ហាល្បែងស៊ីសង គ្រឿងញៀន សន្តិសុខសុវត្ថិភាព សាធារណៈរួម និងសកម្មភាពលួចឆក់ត្រីក្នុងកន្លែងចិញ្ចឹមត្រីរបស់ប្រជាកសិករ។ល៕