ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ពន្យល់ដល់ពល​ករខ្មែរ​ដែលត្រឡប់ពីថៃថា កម្ពុជាមានលក្ខខណ្ឌ​ការងារ​ល្អជាង និងអត្ថប្រយោជន៍ច្រើនជាងថៃ

(ព្រៃវែង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ​២០២៥ បានពន្យល់​ដល់ប្រជាពលរដ្ឋ ជាពិសេសបង​ប្អូន​ពលករ​ខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃឱ្យ​ចុះ​ឈ្មោះ​ធ្វើការងារ​នៅរោងចក្រសហគ្រាសក្នុងប្រទេស ព្រោះមានលក្ខខណ្ឌការងារល្អ និងអត្ថប្រយោជន៍​សម្បូរ​បែបជាងនៅប្រទេសថៃ។

ការគូសបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពលករ​ដែល​ទើបមកពីប្រទេសថៃ​ប្រមាណ ១០០០នាក់ក្នុង «វេទិកា​ការងារ» នៅស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានការចូលរួមពីក្រុមហ៊ុនចំនួន ៨ ជាមួយឱកាសការងារជិត ១ម៉ឺនកន្លែង។

ឯកឧត្តមរដ្ឋមន្រ្តីបានអះអាងថា ការធ្វើការងារនៅរោង​ចក្រ​សហគ្រាសនៅកម្ពុជា បងប្អូនពលករនឹងទទួលបាន ការថែទាំសុខភាពដោយឥតគិតថ្លៃ ប្រាក់សោធនជរាភាព (ប្រាក់​ចូល​និវត្តន៍ ឬប្រាក់រ៉ឺត្រែត) ការធានារ៉ាប់រង​គ្រោះថ្នាក់ការងារ និងការយកចិត្តទុក​ដាក់ដែលពលករ​មិន​ដែលទទួល​បាននៅអំឡុងពេលធ្វើការនៅប្រទេសថៃ។

ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា៖«ចំណូលយើង បើបូកចូលគ្នាទាំង​ប្រាក់ខែគោល បូកទាំងប្រាក់​ឧបត្ថម្ភនានា​ទៀត ខ្ញុំគិតថា មិនតិចជាង ២៥០ដុល្លារ​នោះទេ ហើយបើថែមម៉ោងទៀត អាចឡើង​ដល់​ជាង ៣០០ដុល្លារដែរ ប្រាក់៣០០ដុល្លារជាងនេះ អាច​មានបងប្អូនខ្លះថា នៅទាប​ជាងគេ ប៉ុន្ដែកុំភ្លេចថា លុយបង​ប្អូន ៣០ ឬ៥០ដុល្លារនៅពេលនេះ គឺដូចរដ្ឋទុកលុយឱ្យបងប្អូនអីចឹង គឺថ្ងៃក្រោយ ពេលបងប្អូនឈឺ រដ្ឋចេញលុយ ពេលបងប្អូនចាស់ទៅ រដ្ឋយក​លុយរបស់ប្អូន យកមកឱ្យបងប្អូនវិញ។ ប៉ុន្ដែបើបងប្អូនធ្វើការងារនៅក្រៅប្រទេស ពេលបងប្អូនឈឺ ឬពេលបង​ប្អូនចាស់ទៅ គឺមិនមានលុយសង​ត្រឡប់មកឱ្យបង​ប្អូនយើងវិញទេ ព្រោះយើង​គ្មានប្រាក់​សន្សំនៅទីនោះ…ជាពិសេស បងប្អូនស្រី្ត​ដែល​សម្រាលកូន ក៏ទទួលបានប្រាក់ឧបត្ថម្ភ​ពីរាជរដ្ឋាភិបាល​ផងដែរ។ អ៊ីចឹងផលប្រយោជន៍ទាំងអស់នេះ អាចធ្វើឱ្យបង​ប្អូនគិតពិចារណា​ក្នុងការងាកមក​ធ្វើការងារនៅ​ក្នុង​ស្រុកយើងវិញ»។

ជាមួយនឹងប្រាក់ឈ្នួលខុសគ្នាបន្តិចបន្តួចរវាងការធ្វើការនៅកម្ពុជា និងថៃ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវ​នាវសារជា​ថ្មីម្តងទៀត​​ទៅដល់ពលករ​ដែលបានវិលត្រឡប់​មកពីប្រទេសថៃ និងអ្នកដែលមានគោល​បំណងវិលមកកាន់កម្ពុជា ឱ្យជ្រើសរើសការងារនៅ​កម្ពុជាវិញ ព្រោះជាការកាត់​ចំណាយ សន្សំសំចៃ និងមានសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា ដើម្បីធានាថា ពលករខ្មែរដែលត្រឡប់មក​ពីប្រទេសថៃវិញមានការងារភ្លាមៗ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់​រាជរដ្ឋាភិបាល បានបើកវេទិកានៅតាមបណ្ដាខេត្តធំៗចំនួន ៥រួមមាន ខេត្តព្រៃវែង កំពង់ចាម កំពង់ធំ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដោយផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង៕

ចែករំលែក

About Ho Monyvant

RT News ជាអង្គភាពសារព័ត៌មានឯករាជ្យមួយ ដែលមានបេសកកម្មផ្ដល់ព័ត៌មាន យោបល់ និងការវិភាគដ៏ជាក់ស្តែង សម្រាប់បំពេញតម្រូវការរបស់សាធារណជនក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ដោយមានមូលដ្ឋានស្នាក់ការកណ្តាលនៅក្នុងប្រទេសកម្ពុជា RT News បានប្តេជ្ញាថា នឹងផ្សព្វផ្សាយព័ត៌មានជាតិនិងអន្តរជាតិ ដែលមានគុណភាព និងស្តង់ដារផ្នែកសារព័ត៌មាន ព្រមទាំងគោរពច្បាប់សារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។ សារព័ត៌មាន RT News ផ្ដល់សេវាផ្សព្វផ្សាយព័ត៌មានជាចម្បងក្នុងមាតិកាភាសាខ្មែរ ដើម្បីឆ្លើយតបទៅនឹងការចាប់អារម្មណ៍ និងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។ មាតិការបស់យើងរួមមាន៖ - ព័ត៌មានប្រចាំថ្ងៃ (ជាតិ និងអន្តរជាតិ) - ការវិភាគនយោបាយ - សេដ្ឋកិច្ច និងសង្គម - វប្បធម៌ និងបច្ចេកវិទ្យា - សន្ទស្សន៍និងសម្ភាសន៍ជាមួយតួអង្គសំខាន់ៗ យើងអោយនិយមន័យថា “ព័ត៌មានគួរឱ្យជឿទុកចិត្ត គឺជាគ្រឿងចាំបាច់សម្រាប់សង្គមប្រកបដោយសេរីភាព និងសន្ដិភាព”។ សូមអរគុណដែលបានជឿជាក់ និងគាំទ្រ RT News — កន្លែងផលិតព័ត៌មានជាក់ស្តែងនិងស្មោះត្រង់ជានិច្ច។ 📍 ចូលរួមជាមួយយើង៖ https://www.rtnewsdaily.com/ 📩 ទំនាក់ទំនង៖ monyvantiso@gmail.com 📱 បណ្ដាញសង្គម៖ Facebook | Telegram | YouTube

View all posts by Ho Monyvant →

Leave a Reply

Your email address will not be published. Required fields are marked *